ព័ត៌មានជាតិ

ខ្សឹបដាក់ត្រចៀក ៖ ជនសង្ស័យពីរនាក់ បានហែកគុក រត់ចេញពីអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ

ភ្នំពេញៈ ៖ តាមរបាយការណ៍ របស់អធិការនគរបាលខណ្ឌដូនពេញបានបង្ហាញថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២០ កម្លាំងរដ្ឋបាលប៉ុស្តិ៍ស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណោមបក្សពួកផ្សេងទៀត បានរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូរបស់ពលរដ្ឋ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ សូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន និងជនសង្ស័យម្នាក់ទៀត ជាករណីឆក់ ដែលបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានលួចរត់ចេញបាត់មិនដឹងទៅណា នៅសល់តែវត្ថុតាង ។ ជនសង្ស័យពីរនាក់ មិនមាននៅក្នុងកន្លែងឃុំឃាំង គឺពួកគេបានដាក់មេប្រូចអស់ រួចហើយ ។

យោងតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថាជនសង្ស័យទី១ ឈ្មោះសេង វុទ្ធី ត្រូវបានឃាត់ខ្លួន និងទី២ មានឈ្មោះភា បានរត់គេចខ្លួនបាត់ ពួកគេទាំងពីរគឺជាបក្សពួកបានធ្វើសកម្មភាព លួចម៉ូតូម៉ាកឌ្រីមសង់ស៊េរី ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IB-9753 កាលពីថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ២០២០ នេះចំណុចផ្ទះលេខ 22 អាភូមិ៧ សង្កាត់ស្រះចកខណ្ឌដូនពេញ ។

ចាំមើលថា តើការរត់គេចរបស់ជនសង្ស័យ ២ករណីផ្សេងគ្នានេះ តើកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ នឹងមានវិធានការអ្វីបន្តទៀត ដើម្បីចាប់ជនសង្ស័យទាំងពីរនោះ យកមកវិញ បើតែប្រហែលយ៉ាងនេះ មុខជាប្រជាពលរដ្ឋអស់ជំនឿទៅលើកម្លាំងអាជ្ញាធរ សូម្បីតែជនសង្ស័យពីរនាក់ ក៏ឲ្យហែកគុករត់ចេញបានដែរ ចុះទម្រាំបើមានច្រើនករណី ច្រើននាក់ តើកម្លាំងអធិការខណ្ឌដូចពេញមាន វិធានការបែបណា ៕

To Top