ព័ត៌មានជាតិ

អភិបាលខេត្តពោធិសាត់ អន្តរាគមន៍ទាំងយប់ បង្ការ និងបញ្ចៀស ជំនន់ទឹកភ្លៀង ដែលកំពុងហក់ឡើង ក្នុងកម្រិតប្រកាសអាសន្ន

ខេត្តពោធិ៍សាត់ ៖ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅធនិននៅវេលាយ យប់ថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះធ្វើការពិនិត្យ ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ចាប់ពីចំណុច ខាងមុខសាលាខេត្ត ដល់ផ្លូវបំបែកពោធិ៍វង្ស ស្ថិតក្នុងស្រុកកណ្តៀង និងបន្តចុះពិនិត្យនៅភូមិស្ទឹងតូច សង្កាត់រលាប និងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលបច្ចុប្បន្នទឹក កំពុងហក់ឡើង ដល់កម្រិតប្រកាសអាសន្ន។

ក្នុងឱកាស នៃការអញ្ជើញចុះពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ លោក ម៉ៅ ធនិន បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត បានត្រៀមបង្ការរួចជាស្រេច នូវវិធានការសរុប មធ្យោបាយនិងកំលាំងសរុប ដើម្បីឆ្លើយតបអោយបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយ កើតឡើងធ្ងន់ធ្ងរបណ្តាលអោយរងផល ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសត្វពាហនះផងដែរ ។

អភិបាលខេត្តពោធិសាត់ ឯកឧុត្ត ម៉ៅធនិន ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ដែលកំពុងជន់ឡើងខ្លាំងនេះ និងសូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។

ជាងនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់រាលើព័ត៌មាន អំពីស្ថានភាពគ្រោះធម្មជាតិ និងស្ថានភាពរបស់ប្រជាពលរដ្ឋ ហើយត្រូវត្រៀម មធ្យោបាយអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា។

បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុ រួចមកមន្ទីរធនធានទឹកខេត្ត និងឧតុនិយមខេត្តពោធិ៍សាត់ បានធ្វើការប្រកាសឱ្យដឹងផងដែរថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងធំ និងស្ទឹងអារ៉ៃ មានកម្រិតខ្ពស់ មកលើដងស្ទឹងពោធិ៍សាត់។

ហើយឥទ្ធិពលនៃស្ទឹងខាងលើនេះ និងធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងជាបន្តបន្ទាប់ និងអាចបង្កឱ្យមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។

នេះបើ យោងតាមស្ថានភាព អាកាសធាតុខាងលើ សូមជម្រាបជូនដំណឹងដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់លោក កែវវៃ បានអោយដឹងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី 21 កញ្ញា 2020 នេះ ទឹកស្ទឹងក្រវាញមានការស្រកចុះបន្តិចហើយ ដោយឡែកទឹកស្ទឹងក្រុងពោធិ៍សាត់នៅនឹង បើសិនផ្នែកខាងលើ មិនមានភ្លៀងធ្លាក់បន្តទៀត ៕

To Top