ព័ត៌មានជាតិ

ប្តីនាំស្រីក្មេង មកដេកលើផ្ទះ ប្រពន្ធទ្រាំមិនបាន យកកាំបិតចុងស្រួច ចាក់សម្លាប់

ឮភ្នំពេញ ៖ ស្ត្រីចិត្តសឿងម្នាក់ ពេលតាមទាន់ប្តី នាំស្រីមកដេកដល់លើផ្ទះ ក៏បានយកកាំបិត ចាក់ជាច្រើនកាំបិត បណ្តាលអោយស្លាប់ នៅវេលាម៉ោង ៣រសៀលថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចវាលរំពេរ ស្ថិតក្នុងភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះហួ តុំលីដា អាយុជាង ៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់ ក្រុងខេត្តស្ទឹងត្រែង បានក្លាយខ្លួនទៅជាឃាតក ដោយសារតែភ្លើងប្រចណ្ឌយក កាំបិតចុងស្រួច ចាក់សម្លាប់ប្តីខ្លួនឯង ដោយសារតែប្តីមានស្រីក្មេង នៅខេត្តក្រចេះ ហើយបុរសជាប្តី ហ៊ាននាំយកស្រីក្មេង មកផ្ទះ នៅខេត្តស្ទឹងត្រែង ។

ជនរងគ្រោះត្រូវជាប្តី ឈ្មោះម៉ុល ចាន់ ភេទប្រុស អាយុប្រហែលជាង ៣០ ឆ្នាំបានទៅស្រឡាញ់នារីម្នាក់ នៅក្រចេះ ហើយនាំយកមកផ្ទះ នៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវប្រពន្ធមកទាន់ កើតរឿងប្រចណ្ឌ ឈ្លោះប្រកែកគ្នា ឈានទៅដល់ចាក់សម្លាប់តែម្តង ។

តាមការធ្វើកោសល្យវិច្ច័យ របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះត្រូវប្រពន្ធ ចាក់ចំនួន ៣កាំបិត កន្លែង ជិតចង្កេះ(កណ្តៀតក្អម ) បានស្លាប់នៅពេលបានបញ្ចូន មកមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយពេលពិនិត្យ និងធ្វើការសាកសួរហើយ ក៍បានប្រគល់សពជូនទៅឪពុកម្តាយខាងប្តី យកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកស្ត្រីដៃដល់ជាប្រពន្ធ ត្រូវបាននាំខ្លួន យកមកអនុវត្តតាមនីតិវិធី៕

To Top
×