ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ជិះកង់ត្រួតពិនិត្យ ស្ថានភាពផ្លូវ ប្រព័ន្ធលូក្នុងក្រុង សៀមរាប

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូក្រសួង ជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវ ប្រព័ន្ធលូ បង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកស្អុយក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប មន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

សូជម្រាបថា ការជិះកង់ត្រួត ពិនិត្យស្ថានភាពផ្លូវទាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ក៏ដូចជាប្រមូលធាតុ ចូលបន្ថែមទាក់ទងនឹងស្ថានភាព ផ្លូវថ្នល់នាពេលបច្ចុប្បន្ននៅក្នុងក្រុងសៀមរាប សម្រាប់ការត្រៀមរៀបចំ ចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៨ខ្សែនៅទីក្រុងសៀមរាប ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ ថវិកាចំនួនពី១០០ ទៅ១៥០ លានដុល្លារអាមេរិក សម្រាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដើម្បីជួយលើកស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩៕

ដោយ ៖ អេង ប៊ូឆេង

To Top