ព័ត៌មានជាតិ

វិភាគ: អាជ្ញាធរថៃ នឹងចាត់វិធានការ តាមផ្លូវច្បាប់ប្រឆាំង ក្រុមបាតុករប្រឆាំងរាជានិយម

បច្ចុប្បន្នភាព
លោក ជីរ៉ាផាត់ ភូមិជីត (Chiraphat Phumichit) អ្នកនាំពាក្យស្នងការនគរបាលទីក្រុង បាងកកប្រទេសថៃ បាននិយាយថា កងកម្លាំងនគរបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមបាតុករ ដែលបានធ្វើសកម្មភាពខុសច្បាប់ក្នុងក្បួនបាតុកម្មក្នុងរយៈពេលកន្លងមក ។

លោក ជីរ៉ាផាត់ ភូមិជីត បានលើកឡើងបែបនេះ ខណៈដែលកងកម្លាំងនគរបាលក្រុងបាងកក បានបានទៅគាស់ដក យកស្លាកប្រជាជន ដែលក្រុមបាតុករបាន ចាក់ស៊ីម៉ង់ត៍ភ្ជាប់ ខណៈដែលក្រុមបាតុករ បានធ្វើបាតុកម្មនៅក្បែរព្រះបរមរាជវាំង ។
សូមរំលឹកជូនថា កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមបាតុកររាប់ម៉ឺននាក់ ដែលភាគច្រើនជាក្រុមយុវជននៅប្រទេសថៃ បានចេញធ្វើបាតុកម្មយ៉ាងកកកុញនៅទីលានក្បែរព្រះបរមរាជវាំង ក្នុងទីក្រុងបាងកក ក្នុងគោលបំណងប្រឆាំងរបបរាជានិយម ។

ក្រុមបាតុករបានប្រកាសជោគជ័យ ក្រោយពីខ្លួនបានចាក់ស៊ីម៉ង់ត៍ភ្ជាប់នូវស្លាកមួយ ដែលក្រុមបាតុករដាក់ឈ្មោះថា ស្លាកប្រជាជន ដែលស្លាកនោះធ្វើពីស្ពាន់ មានរាងមូល និងពណ៌មាស ដោយសរសេរអក្សរថា នៅទីនេះ ប្រជាជនថៃបានរួមគ្នាសម្តែងឆន្ទៈថា ប្រទេសនេះជារបស់ប្រជាជនថៃទាំងអស់គ្នា មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ព្រះមហាក្សត្រទេ ។

សូមបញ្ជាក់ជូនថា ការដាក់ស្លាកជានិមិត្តរូបនេះ ត្រូវបានធ្វើឡើងម្តងរួចមកហើយ កាលពីឆ្នាំ១៩៣២ ក្រោយរដ្ឋប្រហារផ្តួលរំលំរបបរាជានិយមនៅក្នុងប្រទេស ប៉ុន្តែត្រូវជនមិនស្គាល់អត្តសញ្ញាណ បានលួចគាស់ចេញកាលពីឆ្នាំ២០១៧កន្លងទៅ ។

ក្រោយពីគាស់ស៊ីម៉ង់យកស្លាកប្រជាជនចេញ លោក ជីរ៉ាផាត់ ភូមិជីត បានបញ្ជាក់ថា នគរបាលបានគាស់យកស្លាកនេះយកទៅទុកធ្វើជាភស្តុតាងនៅក្នុងការប្តឹងទៅតុលាការដើម្បីចាប់ខ្លួនជនល្មើសដែលពាក់ព័ន្ធក្នុងបទល្មើសនេះ ។
លោក ជីរ៉ាផាត់ ភូមិជីត បានហៅក្រុមបាតុករ ដែលបានចាក់ស៊ីម៉ង់ត៍ភ្ជាប់ស្លាកប្រជាជននេះថាជាជនល្មើស គឺដោយសារក្រុមបាតុករដែលបានចាក់ស៊ីម៉ង់ដាក់តាំងផ្លាកនេះ គឺត្រូវបានធ្វើឡើងដោយគ្មានការអនុញ្ញាត ព្រោះទីតាំងនោះជាទីទាំងប្រវត្តិសាស្ត្រ ។
អ្នកនាំពាក្យដដែលបានបន្តថា អតីតសកម្មជននយោបាយរាជានិយមថៃម្នាក់ ក៏បានដាក់ពាក្យប្តឹងផងដែរទៅលើមេចលនាបាតុកម្មចំនួន៣នាក់ ដោយយោងទៅលើច្បាប់ប្រឆាំងនឹងការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលជនជាប់ចោទអាចប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំ ។

គេកត់សម្គាល់ថា ការដែលក្រុមបាតុករ បានដាក់ស្លាកប្រជាជនជាមួយនឹងសំណេរបែបនេះ គឺជាការចេញមុខប្រឆាំងដោយចំហរទល់នឹងរបបរាជានិយម តែយ៉ាណា ការដែលនគរបាលបានទៅគាស់ផ្លាកនេះចេញវិញនៅថ្ងៃបន្ទាប់ គឺជាសញ្ញបង្ហាញថា ស្ថាប័នព្រះមហាក្សត្រមិនចុះចាញ់ទេ ។

ចំណែក លោក ផារីត ជីរ៉ារ៉ាក់ មេដឹកនាំចលនាយុវជន បានអះអាងថា ទោះសមត្ថកិច្ចបានគាស់ដកស្លាកប្រជាជនចេញវិញក៏ដោយ ក៏វាមិនប៉ះពាល់ដល់កម្លាំងនៃការតវ៉ារបស់យុវជនថៃ ដែលស្រេកឃ្លានចង់បានប្រជាធិបតេយ្យដែរ ។

មេដឹកនាំចលនាយុវជនដដែលបានបន្ថែមថា ក្រុមយុវជន នឹងផលិតគំរូផ្លាកនេះឲ្យបានច្រើន ហើយចែកគ្រប់គ្នា យកទៅដាក់នៅគ្រប់ទីកន្លែងទូទាំងប្រទេសថៃ ហើយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញានេះ នឹងមានបាតុកម្មធំមួយទៀតនៅក្រុងបាងកក ហើយនៅថ្ងៃទី១៤ ខែតុលា នឹងមានមហាបាតុកម្មធំទូទាំងប្រទេស ។
ដើមចមនាំអោយកើតរឿង
ដើមចមនាំអោយកើតរឿង គឺដោយសារក្រុមបាតុករ បានធ្វើបាតុកម្មទាមទារអោយមានការវិលត្រលប់មកវិញនូវ លទ្ធិប្រជាធិបតេយ្យ ពោលគឺលទ្ធិប្រជាធិបតេយ្យ ដែលមាននៅមុនពេលរដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ។
ក្រុមបាតុករ បានចាត់ទុកថា របបសិកថៃបានមកបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបាន ទាមទារការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថៃ នៅឆ្នាំ២០១៧ ដែលបានបើកដៃផ្តល់អំណាចយ៉ាងទូលាយទៅឲ្យក្រុមកងទ័ពថៃ ។

អ្វីដែលជាការទាមទារជាក់ស្តែងរបស់ក្រុមបាតុករ គឺទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ដើម្បីរៀបចំការបោះឆ្នោតជាថ្មី ហើយក្រុមបាតុករបានទាមទារអោយរំលាយរដ្ឋសភាបច្ចុប្បន្ននេះចោល និងត្រូវរៀបចំធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញឡើងវិញ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងបែងចែកអំណាចឲ្យមានតុល្យភាព ។
មួយទៀត អ្វីដែលជាការទាមទារ ប្កបដោយភាពក្លាហានរបស់ក្រុមបាតករ គឺធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រថៃ ដែលពួកគេចាត់ទុកថា កាន់តែផ្តាច់ការខ្លាំងឡើង និងគ្មានភាពសុក្រិត្យ ដោយពួកគេទាមទារឲ្យរៀបចំយន្តការថ្មី ដើម្បីកុំឲ្យព្រះមហាក្សត្រលូកដៃក្នុងរឿងនយោបាយជាតិ និងត្រូវលប់ចោលច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ៕ដោយ អ៊ិន ជិន

To Top
×