ព័ត៌មានជាតិ

តុលាការខេត្តស្វាយរៀង សម្រេចផ្ដន្ទាទោស ឪពុកដែលវាយកូនស្រី នៅក្រុងបាវិត ដាក់ពន្ធនាគារ រយៈពេលបីឆ្នាំ

ស្វាយរៀង ៖ លោក ខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀងបាន ថ្លែងប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ថាសាលាដំបូង ខេត្ដស្វាយរៀង បានកាត់ទោស សម្រេចដាក់ពន្ធនាគារបុរសម្នាក់ ដែលប្រើអំពើហិង្សា លើកូនស្រីបង្កើត នៅក្រុងបាវិត រយៈពេលបីឆ្នាំ។

លោក ខាំ សុផារី បានគូសបញ្ជាក់ថា ករណីនេះតុលាការបានធ្វើនីតិវិធីបង្ហាញខ្លួនភ្លាម ហើយកាត់ទោសប្រកាសសាលក្រមដាក់ពន្ធនាគារ រយៈពេលបីឆ្នាំតែម្ដង ហើយឃុំខ្លួនតាមអំណាចសាលក្រមតែម្ដង មិនមែនតាមដីកានោះទេ។

លោក ខាំ សុផារី បានបន្តថា តំណាងអយ្យការបានចោទ ប្រកាន់បុរសខាងលើ ពីបទហិង្សាដោយចេតនា មាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា ស្ដ្រីម្នាក់ត្រូវបានឪពុកបង្កើតប្រើប្រាស់ អំពើហិង្សាដាក់យ៉ាងដំណំ ហើយត្រូវគេថតវីដេអូបាន ចែកចាយនៅតាមបណ្ដាញសង្គម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។រហូតដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជនដៃដល់ទើបត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយឃើញវីដេអូចែកចាយ នៅលើបណ្ដាញសង្គម៕

To Top