ព័ត៌មានជាតិ

លោក វង្ស ពិសេន លើកសរសើរ កងទ័ពអាស៊ាន ចែករំលែកពត៌មានទាន់ពេលវេលា និងរួមគ្នា ដោះស្រាយរាល់បញ្ហាប្រឈម កើតឡើងជាប្រពៃណី និង មិនប្រពៃណី នៅក្នុងតំបន់ ឲ្យទទួលបានជោគជ័យ

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាលោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ព អាស៊ានលើកទី១៧ (ACDFM-17) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) រៀបចំឡើងដោយប្រទេសវៀតណាម។

តាមបណ្តាមសង្គមហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរ:ភូមិន្ទ ឲ្យដឹងថា ក្នុងកិច្ចប្រជុំដែលមានទិសស្លោក «កិច្ចសហប្រតិបត្តិការ ការពារជាតិ ដើម្បីអាស៊ានប្រកប ដោយភាពស្អិតរមួត និង ការឆ្លើយតប»នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបង្ហាញពីទស្សនៈនៃការលើកកម្ពស់កិច្ច សហប្រតិបត្តិការការពារជាតិ “សម្រាប់សមាគមន៍អាស៊ាន ប្រកបដោយឋាមវន្ត និង ការប្តេជ្ញាចិត្តកិច្ចសហប្រតិបត្តិការតំបន់ ដោយបន្តកសាងទំនុកចិត្តគ្នា ក្នុងចំណោមកងទ័ពអាស៊ាន ចែករំលែកពត៌មាន ទាន់ពេលវេលា និងសហការធ្វើការរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម កើតឡើងជាប្រពៃណី និង មិនប្រពៃណី នៅក្នុងតំបន់ឲ្យទទួលបានជោគជ័យ រួមចំណែក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់ និង ពិភពលោក”។

ទាក់ទិនដល់បញ្ហាជំងឺរាតត្បាតកូវីដ-១៩ ដែលបណ្ដាលឲ្យមនុស្សជាច្រើន ក្នុងពិភពលោកបានស្លាប់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សុខភាពសាធារណៈ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការ ទប់ស្កាត់ទាន់ពេលវេលា និង មានប្រសិទ្ធភាព កាត់បន្ថយជំងឺភ័យខ្លាចហួសហេតុ និង បានបង្ហាញពីទឹកចិត្តមនុស្សធម៌របស់កម្ពុជា ចំពោះការមិនប្រកាន់ពូជសាសន៍ ឬរើសអើង ។ បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា បើទោះបីស្ថិតក្នុង ស្ថានភាពវិបត្តិជំងឺឆ្លងកូវីដ-១៩ ក៏ដោយក៏កងយោធពលខេមរភូមិន្ទ នៅតែរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងបេសកកម្មមនុស្សធម៌ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ដោយបានបញ្ជូន កងកម្លាំងបន្ថែម ទៅចូលរួម ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព៕

To Top
×