ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យសំណង់ស្ទាក់ទឹក លើស្ទឹងទូកមាស នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត

ភ្នំពេញ ៖ ក្នុងការដំណើរបេសកកម្ម បន្តចុះពិនិត្យស្ថានភាពទឹក នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាន នាយកដ្ឋានវិស្វកម្ម ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប ចុះពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

សូមជម្រាបថា សំណង់ស្ទាក់ទឹកខាងលើ ត្រូវបានក្រុមការងារបច្ចេកទេស នាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សាងសង់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២០ នេះ ។ បន្ទាប់ពីបានសាងសង់រួច ប្រព័ន្ធធារាសាស្ត្រនេះ បាននិងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់ទឹកដល់ដីស្រែ របស់បងប្អូនប្រជាកសិករ លើផ្ទៃដីស្រូវវស្សាប្រមាណ ១៥៦០ហិកតា និងស្រូវប្រាំង ៣៨០ហិកតា ក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ដែលជាតំបន់តែងជួបប្រទះនូវកង្វះខាតទឹក ។

លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ ក្រុមការងារសាងសង់ ជាមន្រ្តីបច្ចេកទេសក្រសួង ដែលបានខិតខំធ្វើការទោះជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរ ដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះ មានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ ដល់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ៕

To Top
×