ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក បន្តចុះពិនិត្យសំណង់ ទំនប់បង្ហៀរអាងទឹកកូនសត្វ ឬ ប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត

ភ្នំពេញ ៖ នៅរសៀលថ្ងៃដដែល ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ ក្នុងដំណើរបេសកកម្ម បន្តចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាន នាយកដ្ឋានវិស្វកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប ចុះពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។

សូមបញ្ជាក់ជូនជ្រាបថា សំណង់ទំនប់បង្ហៀរខាងលើ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមសាងសាង់ជាថ្មី ទើបរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ដែលមានប្រវែង ៩៦ម៉ែត្រ ជាមួយសំណង់ទ្វារទឹក(ទ្វារ០៣) សាងសង់លើទំនប់ចាស់ ដែលកសាងឡើងក្នុងសម័យខែ្មរក្រហម រួចបានត្រូវជួសជុលកែលំអឡើងវិញ ម្តងរួចមក ហើយក្នុងឆ្នាំ២០០៨ ហើយបានបន្តយាយី ដោយដោយជំនន់ទឹកភ្លៀង កាលពីខែ សីហា ឆ្នាំ២០១៩ កន្លងទៅ តែត្រូវបានក្រសួងអន្តរាគមន៍ ទប់ទល់បានទាន់ពេលវេលា ។
ទំនប់អាងទឹកនេះ ជាប្រភេទអាង ដែលហៅថា អាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុក ក្នុងបរិមាណ ១០លានម៉ែត្រគូប ដោយមានរបបជលសាស្ត្រ ជារបបជ្រោះ(Regime torrentiel) ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចុះពិនិត្យ សំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វនេះ គឺ ជាការចុះពិនិត្យស្ថានភាពជាក់ស្តែង និងរំលឹកអនុវស្សាវរីយ៍របស់ ខ្ញុំ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់ ជាមួយថ្នាក់ដឹកនាំក្រសួង អគ្គនាយក មន្រ្តីបច្ចេកទេស ដោយប្រើប្រាស់គ្រឿងចក្រ ធុនធ្ងន់ចំនួន ១៤គ្រឿង អន្តរាគមន៍ដោយគ្មានឈប់ សម្រាកទល់ភ្លឺ កាលពីល្ងាចថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ ចំណាយរយ:ពេលជាង២០ម៉ោង ដើម្បីបញ្ជៀសការលិចលង់ ភូមិឋានប្រជាពលរដ្ឋនាពេលនោះ ។
ពេលនេះសំណង់ទំនប់បង្ហៀរសាងសង់រួច បានផ្តល់ពហុប្រយោជន៍ ជាច្រើន ដល់ប្រជាពលរដ្ឋក្នុងតំបន់ រួមមានប្រើប្រាស់ទឹកបម្រើដល់ការងារ បង្កបង្កើនផល ជារមណីដ្ឋានសម្រាប់ភ្ញៀវ ទេសចរកំសាន្ត និងការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ៕

To Top