ព័ត៌មានជាតិ

វិភាគ ៖ ចិន នឹងមានវ៉ាក់សាំង បង្ការវីរុសCovid-19 នៅខែវិច្ឆិកា ចុងឆ្នាំ២០២០នេះ

បច្ចុប្បន្នភាព

ក្រសួងសុខាភិបាល របស់ប្រទេសចិន បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ស្តីអំពីវ៉ាក់សាំង បង្ការវីរុសCovid-19 ដែលប្រទេសនេះ នឹងអាចចេញអោយប្រើប្រាស់ នៅខែវិច្ឆិកា ចុងឆ្នាំ២០២០នេះ ។

សេចក្តីប្រកាសដដែលបានអោយដឹងថា នៅឆ្នាំ២០២០នេះ ប្រទេសចិន នឹងអាចមានវ៉ាក់សាំង បង្ការវីរុសCovid-19 ប្រមាណ៦០០លានដូស ហើយនៅឆ្នាំបន្ទាប់ទៀត ប្រទេសនេះ នឹងផលិតវ៉ាក់សាំង បង្ការវីរុសនេះ បានប្រមាណជាង១ពាន់លានដូសជារៀងរាលឆ្នាំ ។

អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០នេះ អង្គការនេះបានទទួលវ៉ាក់សាំង បង្ការវីរុសCovid-19 ប្រមាណជាង២០០ប្រភេទ (២០០កង់ឌីដា) (Over 200 candidates) នៅជុំវិញពិភពលោក ។

ក្នុងចំណោមវ៉ាក់សាំង ទាំងជាង២០០កង់ឌីដានេះ គឺមានតែវ៉ាក់សាំងវីរុសCovid-19៤ ប្រភេទប៉ុណ្ណោះ គឺវ៉ាក់សាំង២ប្រភេទ របស់ប្រទេសចិន ១ប្រភេទរបស់អាមេរិក និង១ប្រភេទទៀត របស់អង់គ្លេស ដែលកំពុងដំណើរ ការសាកល្បងលើមនុស្ស ចំណាក់កាលចុងក្រោយ ។

ក្រុមហ៊ុនរបស់ប្រទេសចិនទាំង២ ដែលបានអភិវឌ្ឍន៍ វ៉ាក់សាំង បង្ការវីរុសCovid-19 គឺក្រុមមហុន Zinopharm Group C.Ltd និងក្រុមហ៊ុន Zinovac Biotech Ltd ហើយក្រុមហ៊ុន របស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Pfizer Inc និងក្រុមហ៊ុន របស់ចក្រភពអង់គ្លេស គឺក្រុមហ៊ុន AstraZeneca Plc ។

វ៉ាក់សាំងបង្ការវីរុសCovid-19របស់ក្រុមហ៊ុនទាំង៤នេះ កំពុងដំណើរការសាកល្បងលើមនុស្ស ដំណាក់កាលចុងក្រោយ ដែលបានចូលរួមតាមដាន និងផ្ទៀងផ្ទាត់លទ្ធផល នៃការសាកល្បងគ្រប់ដំណាក់ កាលពីក្រុមអ្នកជំនាញ ផ្នែកសុខភាព របស់អង្គការសុខភាពពិភពលោក តាមការរបាយការណ៍ របស់ក្រុមហ៊ុន ដែលបានផ្តល់ ជូនអង្គការសុខភាព សកលមួយនេះ ។

លោក វូ យ័នពីន (Wu Yuonbin) ប្រធាននាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា របស់ប្រទេសចិន ដែលបានថ្លែងនៅក្នុងសន្និសីទ កាសែតនៅទីក្រុងប៉េកាំងថា កម្មវិធីអភិវឌ្ឍន៍ វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ប្រទេសនេះកំពុងដំណើរការនាំមុខគេ ។

នៅក្នុងចំណោមវ៉ាក់សាំង ជាង២០០កង់ឌីដា ដែលបណ្តាប្រទេស ជាច្រើននៅលើពិភពលោក កំពុងស្រាវជ្រាវ ដើម្បីប្រឆាំងវីរុស Covid-19 មានវ៉ាក់សាំងចំនួន៥៩ ជាគម្រោងរបស់ប្រទេសចិន ប៉ុន្តែកំពុងដំណើរការតែ ២កង់ឌីដាប៉ុណ្ណោះ ។

លោក វូ យ័នពីន បានបន្ថែមថា ក្រុមហ៊ុន Zinopharm Group C.Ltd និងក្រុមហ៊ុន Zinovac Biotech Ltd របស់ប្រទេសចិន កំពុងនាំមុខគេក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង បង្ការវីរុសCovid-19 ដោយក្រុមហ៊ុនទាំងពីរ កំពុងសាកល្បងដំណាក់ កាលចុងក្រោយ ។

នៅប្រទេសចិន អាជ្ញាធរបានធ្វើការសាកល្បងវ៉ាក់សាំង ទៅលើមនុស្សជាង១សែននាក់ ដែលធ្វើការនៅកំពង់ផែ មន្ទីរពេទ្យ និងនៅកន្លែងប្រឈមនឹងវីរុស Covid-19 ចាប់តាំងពីខែ កក្កដា និងទទួលបានការគាំទ្រ ពីអង្គការសុខភាពពិភពលោក ។

លោក ចេង ជុងវៃ (Zheng Zhongwei) មន្រ្តីគណៈកម្មការសុខភាពជាតិចិន និយាយថា នៅក្នុងការធ្វើតេស្ត សាកល្បងវ៉ាក់សាំង គេមិនទាន់ឃើញមានប្រតិកម្ម របស់វ៉ាក់សាំង ដែលអាចធ្វើទុក្ខ ប៉ះពាល់សុខភាព របស់អ្នកដែលបានចូលរួម ក្នុងការធ្វើតេស្តសាកល្បងនោះទេ ។

ជាមួយនឹងសញ្ញាវិជ្ជមាន នៃសុវត្ថិភាពរបស់វ៉ាក់សាំង ប្រទេសចិនសង្ឃឹមថា នឹងអាចផលិត វ៉ាក់សាំង៦១០លានដូស នៅដំណាច់ឆ្នាំនេះ និងយ៉ាងតិច១០០០លានដូស ក្នុង១ឆ្នាំនៅឆ្នាំក្រោយៗទៀត ហើយវ៉ាក់សាំងរបស់ចិន នឹងមានតម្លៃសមរម្យ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយមាន ការប្រកួតប្រជែង ជាលក្ខណៈសកល ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំង បង្ការវីរុសCovid-19នេះ គឺដោយសារវីរុសផ្លូវដង្ហើម មួយនេះ បានផ្ទុះឡើងនៅទីក្រុង អ៊ូហាន ប្រទេសចិន និងត្រូវបានប្រកាសជាផ្លូវការ ដោយក្រុមអាជ្ញាធរសុខាភិបាលចិន កាលពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩កន្លងទៅ ។

ចាប់ពីពេលនោះមក វីរុសCovid-19 បានឆ្លងរាលដាលយ៉ាងខ្លាំង ទៅកាន់ប្រទេសនានា នៅជុំវិញពិភពលោក ដែលគិតត្រឹមថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ មនុស្សឆ្លងសរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៣៣លាន ៥ម៉ឺន ៨ពាន់ ៥រយនាក់ និងមនុស្សស្លាប់សរុប បានកើនឡើងដល់ជាង ៩៩ម៉ឺន ៨ពាន់ ៧រយនាក់ ខណៈដែលមនុស្សជាសះ ស្បើយសរុប បានកើនឡើងដល់ជាង ២៤លាន ៤១ម៉ឺន ១ពាន់ ៦រយនាក់ ។

រហូតមកដល់ចុងខែកញ្ញា ឆ្នាំ២០២០នេះ ពិភពលោកមិនទាន់មានថ្នាំ ឬវ៉ាក់សាំងបង្ការវីរុសCovid-19នៅឡើយទេ ដែលមូលហេតុនេះហើយ បានជាអ្នកវិទ្យាសាស្ត្រ នៅប្រទេសជាច្រើន នៅលើពិភពលោក ខិតខំប្រឹងប្រែង ក្នុងការប្រកួតប្រជែងអភិវឌ្ឍន៍ វ៉ាក់សាំងនេះឡើង ។

មេដឹកនាំរបស់ប្រទេសជាច្រើន រួមទាំងអ្នកជំនាញផ្នែកជម្ងឺឆ្លង នៅជុំវិញពិភពលោកផងដែរ បាននិយាយថា មានតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះ ដែលក្តីសង្ឃឹមសម្រាប់ពិភពលោកទាំងមូល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19បាន ។

សន្និដ្ឋាន៖ តើវីរុសនេះ អាចយាយីពិភពលោកទៀតទេ ក្រោយមានវ៉ាក់សាំង ?

ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង របស់អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ទោះបីជាពិភពលោក មាន វ៉ាក់សាំងក៏ដោយ ក៏វីរុសCovid-19 នៅតែបន្តយាយី ដល់មនុស្សនៅលើភពផែនដីនេះដែរ គឺវីរុសនេះនឹងមិនផុតរលត់បាត់បង់ ពីលើផែនដីទេ ។

ក្រុមអ្នកជំនាញដដែលបានបន្តថា មនុស្សនៅលើពិភពលោក នឹងរស់នៅជាមួយវីរុសផ្លូវដង្ហើមមួយនេះ ដោយស្វែងយល់ពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាល ដោយខ្លួនឯង រួមផ្សំជាមួយការចាក់វ៉ាក់សាំង បង្ការជាលក្ខណៈសកល ។

ក្រោយពីពិភពលោក មានវ៉ាក់សាំង ការឆ្លងរាលដាលវីរុស Covid-19 ប្រចាំថ្ងៃ នឹងថយចុះជាបន្តបន្ទាប់ នៅពេលខាងមុខ ដោយសារមនុស្សឆ្លងថ្មី ប្រចាំថ្ងៃត្រូវបានកាត់ បន្ថយតាមរយៈការចាក់វ៉ាក់ ប៉ុន្តែចំនួនមនុស្សឆ្លងសរុប នៅទូទាំងពិភពលោក នឹងអាចកើនឡើងដល់កម្រិតខ្ពស់បំផុត មុនពេលពិភពលោក មានវ៉ាក់សាំង ។

ផលប៉ះពាល់

ផលប៉ះពាល់ដល់ពិភពលោកទាំងមូល គឺមានទ្រង់ទ្រាយធំធេងណាស់ ទាំងនៅពេលបច្ចុប្បន្ននេះ និងទាំងនៅពេលអនាគត ដោយសារប្រទេសជាច្រើនបានបិទសេដ្ឋកិច្ច និងបានបិទប្រទេស របស់ខ្លួនជាច្រើនខែ ចាប់តាំងពីខែកុម្ភៈរហូតដល់បច្ចុប្បន្ននេះ ក្នុងវិធានការទប់ស្កាត់ការ ឆ្លងរាលដាលវីរុសផ្លូវដង្ហើមមួយនេះ ។

លោក រីឆាត ហ្កេស (Richard Quest) អ្នកជំនាញផ្នែកសេដ្ឋកិច្ចសកល បាននិយាយថា បុគ្គលិកប្រមាណជាង១៩៥ លាននាក់ នៅលើពិភពលោក បានបាត់បង់ការងារធ្វើ ដោយសារវការបិទសេដ្ឋកិច្ច ក្នុងវិធានការទប់ស្កាត់ការ ឆ្លងរាលដាលវីរុស Covid-19 នៅក្នុងប្រទេសនានា ទាំងប្រទេសមហាអំណាច និងប្រទេសមិនមែនមហាអំណាច់ ។

លោក រីឆាត ហ្កេស បានបន្ថែមថា កំណើនសេដ្ឋកិច្ចសកល នឹងធ្លាក់ចុះក្រោម៥% ក្រោមសូន្យនៅឆ្នាំ២០២០នេះ ខណៈដែលកំណើនសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះ៣១.៧%ក្រោមសូន្យ និងកំណើនសេដ្ឋកិច្ច នៅសហភាពអឺរ៉ុប នឹងធ្លាក់ចុះលើ១៧%ក្រោមសូន្យនៅឆ្នាំ២០២០នេះដែរ ៕
ដោយ ៖ អ៊ី ជិន

To Top