ព័ត៌មានជាតិ

ទូតចិន ប្រគល់អំណោយ សហព័ន្ធនារី ទូទាំងប្រទេសចិន ជូនក្រសួងកិច្ចការនារីកម្ពុជា

ភ្នំពេញ៖ លោកស្រី Zuo Wenxing ទីប្រឹក្សាស្ថានទូតចិន និងលោកស្រីវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលអំណោយរបស់សហព័ន្ធនារី ទូទាំងប្រទេសចិន ជូនក្រសួងកិច្ចការនារីកម្ពុជា។

តាមបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា លោកស្រីទីប្រឹក្សា មានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជា ជាមិត្តជិតខាងល្អ មិត្តភក្តិល្អ បងប្អូនល្អ ដៃគូល្អ ហើយប្រជាជនជាស្រ្តីភេទទាំងពីរប្រទេស គឺជាបងប្អូនស្រីល្អនឹងគ្នា ដែលមិនធ្លាប់មានពីមុនមក។

លោកស្រីទីប្រឹក្សា បន្តថា “ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសCOVID-19មក ចិននិងកម្ពុជា បានជួយគ្នាទៅវិញទៅមក ពុះពាររាល់ឧបសគ្គ ជាមួយគ្នា បានយកសកម្មភាពជាក់ស្តែង មកបង្ហាញពីចំណុចស្នូល នៃសហគមន៍ ជោគវាសនារួម រវាងប្រទេសទាំងពីរ ហើយត្រូវបានប្រសិទ្ធនាមថា ជាគំរូ នៃកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នឹង ជំងឺវីរុសសម្រាប់ សហគមន៍អន្តរជាតិ” ។ “សម្ភារៈដែលជាជំនួយរបស់សហព័ន្ធ នារីទូទាំងប្រទេសចិន ផ្តល់ជូននាលើកនេះ បានឆ្លុះបញ្ចាំងម្តងទៀតពីមិត្តភាព ដ៏សែនជ្រាលជ្រៅ របស់មិត្តនារីចិន ជូនចំពោះមិត្តនារី និងប្រជាជនកម្ពុជា ជឿជាក់ថានឹងផ្តល់ជាការគាំទ្រ ដ៏មានកម្លាំង ជូនដល់កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ក្នុងក្រសួងកិច្ចការនារីកម្ពុជា” ។

លោកស្រីរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះជំនួយរយៈពេលវែងដែលផ្តល់ជូនដោយសហព័ន្ធនារីទូទាំងប្រទេសចិន និងរដ្ឋាភិបាលចិន លោកស្រីអញ្ជើញ មានប្រសាសន៍ថា ជំនួយទាំងនេះ ផ្តល់ជាការគាំទ្រដ៏មានកម្លាំង ជូនចំពោះកិច្ចការងារ ក្នុងក្រសួងកិច្ចការនារីកម្ពុជា នេះបានបង្ហាញ ឲ្យឃើញពីទំនាក់ទំនង ពិសេសរវាងប្រទេសទាំងពីរ។

ក្រសួងកិច្ចការនារីកម្ពុជា រីករាយបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងស្អិតរមួត ថែមមួយកម្រិតទៀត ជាមួយភាគីចិន និងរួមចំណែកកាន់តែធំ សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ៕

To Top