ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកណ្ដាល ក្រើនរំលឹកឲ្យកងកម្លាំង នគរបាលទូទាំងស្រុកខ្សាច់កណ្ដាល និងមុខកំពូល ត្រូវរួបរួមសាមគ្គីគ្នា ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ សង្គមឲ្យបានល្អ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានក្រើនរំលឹកនិងផ្ដាំផ្ញើ ឲ្យកងកម្លាំងនគរបាល ទូទាំងស្រុកខ្សាច់កណ្ដាល និងមុខកំពូលត្រូវរួបរួមសាមគ្គីគ្នា ថែរក្សាសណ្ដាប់ធ្នាប់សង្គមឲ្យបានល្អ បង្ក្រាបឲ្យបាននូវរាល់ភាព អសន្តិសុខទាំងឡាយ ស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ ពិសេសត្រូវឆ្លើយតបរាល់តម្រូវការណាមួយ ដែលពលរដ្ឋស្នើសុំឲ្យជួយ ។ នេះបើយោងតាមការចេញផ្សាយ ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានក្រើនរំលឹកបែបនេះ នាឱកាស នាំយកអាវភ្លៀង ដែលឧបត្ថម្ភដោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន៤៨៦អាវភ្លៀង ,ម៉ូតូធំចំនួន១២គ្រឿង ព្រមទាំងថវិការមួយចំនួន ឧបត្ថម្ភដល់មន្ត្រីនគរបាល ស្រុកខ្សាច់កណ្ដាល ចំនួន១៩១នាក់ និងស្រុកមុខកំពូល ចំនួន២៩៥នាក់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្នុងនោះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ក៏បានឧបត្ថម្ភម៉ូតូធំសំរាប់ល្បាតគ្រប់ប៉ុស្តិ៍ ចំនួន២៤គ្រឿង ផងដែរ សំរាប់២ស្រុកនេះ ដោយក្នុងមួយប៉ុស្តិ៍ទទួលបានម៉ូតូធំ ចំនួន១គ្រឿង។

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការ បាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខ របស់មន្ត្រីក្រោមឱវាទទាំងអស់ ទូទាំងប្រទេស។

លោកស្នងការក៏បានកោតសរសើរ កងម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ដែលបានធ្វើការងារ បានល្អ នាពេលកន្លងមក ហើយទទួលបានការកោតសរសើរ ពីពលរដ្ឋក្នុងមូលដ្ឋាន ជាហូរហែរមក ហើយលោកក៏ជម្រុញបន្ថែមឱ្យកងកម្លាំង នគរបាលស្រុកខ្សាច់កណ្ដាលទាំងអស់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ រួបរួមគ្នា សាមគ្គីគ្នា យកបេះដូងមកធ្វើការ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុត តាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកស្នងការក៍ជម្រុញ ឱ្យកងកម្លាំងទាំងអស់សហការគ្នាល្អ ប្ដេជ្ញាសហការគ្នាល្អជាមួយគណៈ បញ្ជាការឯកភាពស្រុក ក្នុងទិសដៅរក្សាសន្តិសុខក្នុងមូលដ្ឋានឱ្យបានល្អ ។

លោកឧត្តមសេនីយ៍ទោ ក៏បានសង្កត់ធ្ងន់ចំណុចសំខាន់ គឺបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដោយត្រូវថែទាំងសុខភាព ខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការ កូវីដ-១៩ ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជ្រាបការយល់ និងការប្រុងប្រយ័ត្នបន្ថែមទៀត កុំធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top