ព័ត៌មានជាតិ

មីជាតិ ចូលរួមជំរុញ វិស័យកសិកម្ម ក្នុងខេត្តស្វាយរៀង

ស្វាយរៀង ៖ មីជាតិបានឧបត្ថម្ភ គ្រាប់ពូជបន្លែចម្រុះចំនួន១៥០កញ្ចប់ និងពូជមាន់ស្រែចំនួន ១៥០ក្បាល ដល់កសិករខ្វះខាត ចំនួន ៣០គ្រួសារ ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលជីវភាពកសិករ និងចូលរួមលើកស្ទួយ វិស័យកសិកម្មលក្ខណៈគ្រួសារក្នុងខេត្ត ។

លោក ហុង សុវណ្ណ ប្រធានផ្នែកធនធានមនុស្ស ក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា «ក្នុងជានាមក្រុមហ៊ុនផលិត ចំណីអាហារក្នុងស្រុក មីជាតិត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់ជីវភាព ប្រជាពលរដ្ឋខ្មែរយើង និងជួយជំរុញវិស័យផលិត ចំណីអាហារក្នុងស្រុក ហេតុដូច្នេះហើយ បានជាយើងរៀបចំ ជាកម្មវិធីនេះឡើង ដើម្បីជួយលើក ស្ទួយវិស័យកសិកម្ម ក៏ដូចជាជួយជំរុញការផលិត ចំណីអាហារក្នុងស្រុក ពិសេសក្នុងអំឡុងពេល ដែលមានការរីករាលដាល់ នៃវីរុសកូវីដ ១៩ ដែលវិស័យនេះ ដើរតួរយ៉ាងសំខាន់។»

លោកបន្តថា «យើងបានជ្រើសរើសគ្រាប់ពូជបន្លែចម្រុះ ដែលទីផ្សារកំពុងត្រូវការ ដើម្បីចែកជូនបងប្អូនកសិករយើង ។ គ្រាប់ពូជនេះទៀតសោត សុទ្ធសឹងតែជាគ្រាប់ពូជល្អៗ ដែលនឹងផ្តល់ទិន្នផលខ្ពស់ ។ ដូចគ្នាដែរ ពូជមាន់ស្រែ ដែលយើងចែកជូននេះ ក៏សុទ្ធតែជាពូជល្អៗ និងត្រូវបានចាក់វាក់សាំងការពារ ការឆ្លងជំងឺផ្សេងៗរួចជាស្រេច។»

អ្នកស្រី សឹង សុខនៅ តំណាងឲ្យកសិករខេត្តស្វាយរៀង បានថ្លែងអំណរគុណដល់មីជាតិ ដែលបានឧបត្តម្ភជាគ្រាប់ពូជបន្លែចម្រុះ និងពូជមាន់ជូនពួកគាត់ ។ លោកថា ការជួយនេះ ពិតជាបានជួយសម្រួល ដល់ជីវភាពកសិករខ្វះខាតដូចរូបគាត់ ហើយទង្វើនេះ ពិតជាបានជួយលើកស្ទួយ វិស័យកម្មលក្ខណៈគ្រួសារឲ្យ រីកចម្រើនមួយកម្រិត និងបានលើកទឹកចិត្តគាត់ ឲ្យបន្តធ្វើកសិកម្មនេះឲ្យទទូលបានជោគជ័យតទៅមុខទៀត ។

គួរបញ្ជាក់ផងដែរថា មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ។ មីជាតិ មានបីរសជាតិ គឺខគោ សាច់ជ្រូកចិញ្រ្ចាំ និងស៊ុបមាន់ ដែលត្រូវបានផលិត ដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ទំនើបចុងក្រោយបង្អស់ ៕

To Top