ព័ត៌មានជាតិ

សន្ធិសញ្ញាហាម ឃាត់នុយក្លេអ៊ែរ យូអិន ទំនងជានឹង ចូលជាធរមាន នៅដើមឆ្នាំក្រោយ

យូអិន ៖ ប្រភពការទូតមួយបានឲ្យដឹងថា សន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែរ ដែលត្រូវបានអនុម័ត ដោយអង្គការសហប្រជាជាតិ ទំនងជានឹងចូលជាធរមាន នៅដើមឆ្នាំក្រោយ ខណៈដែលប្រទេសហត្ថលេខី ត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិតចាំបាច់ចំនួន ៥០ ក្នុងពេលឆាប់ៗនេះ ដែលអាចនឹងកើតមាននៅចុងខែនេះ។

យោងតាមប្រភព និងយុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ឬICAN ចំនួន ៤៦ ប្រទេស និងតំបន់ បានបញ្ចប់នីតិវិធីផ្តល់ សច្ចាប័នរួចរាល់ហើយ។

សន្ធិសញ្ញាស្តីពីការហាមឃាត់ អាវុធនុយក្លេអ៊ែរ ដែលត្រូវបានអនុម័តនៅឆ្នាំ២០១៧ នឹងចូលជាធរមាន ៩០ ថ្ងៃបន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័ន ដោយប្រទេស និងតំបន់ យ៉ាងតិច ៥០ ។

ប្រភព និងអង្គការមិនស្វែងរកប្រាក់ចំណេញ បានឲ្យដឹងថា យ៉ាងហោចណាស់មានប្រទេសចំនួន ៤ បន្ថែមទៀតបានជូនដំណឹងដល់អង្គការសហប្រជាជាតិ អំពីចេតនារបស់ពួកគេ ក្នុងការផ្តល់សច្ចាប័នដល់សន្ធិសញ្ញានេះ។

អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ នៃមហាសន្និបាតកាលពីថ្ងៃសុក្រថា“ មធ្យោបាយតែមួយគត់ ដើម្បីលុបបំបាត់ហានិភ័យ នុយក្លេអ៊ែរទាំងស្រុង គឺលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង” ហើយថា សន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែរ នៅតែជាមូលដ្ឋានគ្រឹះនៃរបបរំសាយអាវុធនុយក្លេអ៊ែរ និងមិនមែនអាវុធនុយក្លេអ៊ែរ “៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top