ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាល ហើយរាលដាលលឿន សូម្បីប្រធានាធិបតីអាមេរិក ក៏ឆ្លងជំងឺនេះដែរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ បានបន្តផ្ញើសារដាស់តឿន ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ជាប់ជានិច្ចពីជំងឺកូវីដ១៩ ដោយសម្ដេចបានបញ្ជាក់ថា ជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាល ហើយឆ្លងរីករាលដាលលឿន សូម្បីតែប្រធានាធិបតីអាមេរិក ក៏មានឆ្លងជំងឺនេះដែរ។

សូមរំលឹកថាកាលពីម្សិលមិញ សារព័ត៌មាននានា បានចុះផ្សាយយ៉ាងព្រោងព្រាត ដោយអះអាងថា លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក និងស្រ្តីទី១ បានឆ្លងជំងឺកូវីដ១៩ ខណៈរោគសញ្ញាជំងឺកូរ៉ូណា របស់លោក ដូណាល់ត្រាំ រួមមានក្អក និងគ្រុនក្តៅ។

តាមរយៈបណ្ដាញទំនាក់ទំនាង សង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងវាយលុកនៅទូទាំងពិភពលោក គឺបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ ទម្លាប់ធ្វើការងារ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នា ដែលយើងមិនធ្លាប់មានពីមុន ដូចជាការពាក់ម៉ាស់ និងនៅឆ្ងាយគម្លាត ដាច់ពីគ្នាជាដើម…។

សម្ដេចគួសបញ្ជាក់ថា «ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាល ហើយឆ្លងរីករាលដាលលឿន សូម្បីតែប្រធានាធិបតីអាមេរិក ក៏មានឆ្លងជំងឺនេះដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ជាប់ជានិច្ច ដោយឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល នឹងពាក់ម៉ាសទៅតាមស្ថានភាព នឹងតម្រូវការចាំបាច់ជាក់ស្តែង។ សូមកុំមើលស្រាល នឹងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ អោយសោះ។»

ឆ្លៀតក្នុងឱកាសនេះ សម្ដេច ក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ធ្វើដំណើរមានសុវត្ថិភាព និងបានសប្បាយរីករាយជួបជុំ ក្រុមគ្រួសារ នៅក្នុងថ្ងៃចុងសប្តាហ៍ ៕

To Top