ព័ត៌មានជាតិ

ស្រ្តី ខ្មែរ ២រូបបម្រើការងារ នៅម៉ាឡេស៊ី ត្រូវបាននិយោជក វាយធ្វើបាប និងមិនបើកប្រាក់ខែឲ្យ

ភ្នំពេញ ៖ ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយដល់ពលការិនីចំនួន ២រូប ដែលបម្រើការងារ នៅប្រទេសម៉ាឡេស៊ី ត្រូវបាននិយោជក វាយធ្វើបាប និងមិនបើកប្រាក់ខែឲ្យ ។
ពលការិនីទាំង២នាក់នោះរួមមាន ៖ ១-ពលការិនី ងួន វ៉ាន់ អាយុ ៣១ឆ្នាំ មកពីភូមិចារ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានមកធ្វើការងារផ្ទះ ដោយស្របច្បាប់ ជាមួយនិយោជក ឈ្មោះ Wing SaiLoong នៅទីក្រុងកូឡាឡាំពួរ តាមរយៈក្រុមហ៊ុនឈ្មោះ CECH កាលពីឆ្នាំ 2010 ។
ដោយចង់ត្រឡប់ទៅកម្ពុជាវិញ ពលការិនីបានរត់ចេញពីផ្ទះនិយោជក និងបានមកដល់ស្ថានទូត នៅថ្ងៃទី ៣១ ខែកញ្ញាឆ្នាំ ២០២០ ស្ថានទូតបានជួយសម្របសម្រួល ទាមទារប្រាក់ខែ នៅខ្វះពីនិយោជក ចំនួន ៣៨៨០០រីងហ្គីត ប្រមាណ ៩ពាន់ដុល្លារអាមេរិក និងស្នើនិយោជករៀបចំ ឯកសារពាក់ព័ន្ធទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម៉ាឡេស៊ី ដើម្បីពលការិនី អាចត្រឡប់ទៅកម្ពុជាបាន ។
ក្នុងអំឡុងពេលរង់ចាំត្រឡប់ទៅកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងម្ហូបអាហារបរិភោគ ព្រមទាំងចាត់មន្ត្រីជូនពលការិនី ខាងលើទៅអាកាសយានដ្ឋានអន្តរជាតិ KLAI ផងដែរ ។
២-ពលការិនី ឯល ម៉ារី អាយុ ៣២ឆ្នាំ មកពីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានមកធ្វើការងារផ្ទះ ដោយខុសច្បាប់ នៅBentong រដ្ឋPahang កាលពីខែមីនា ឆ្នាំ ២០១៨ តាមរយៈមេខ្យល់ឈ្មោះហាសាណាស់ ។ ពលការិនីត្រូវនិយោជកប្រើឲ្យធ្វើការងារផ្ទះ និងជួយលក់ខោអាវ គ្មានពេលសម្រាក និងមិនផ្ដល់ការហូបចុកគ្រប់គ្រាន់ ។ ពលការិនីបានរត់ចេញពីផ្ទះ និយោជកនៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២០ ព្រោះត្រូវនិយោជក បានវាយធ្វើបាប ជាប្រចាំមានស្នាមពេញដៃជើង ហើយជាចុងក្រោយត្រូវ វាយបាក់ធ្មេញមុខពីរ ។ នៅតាមផ្លូវពលការិនី បានរត់ទៅជួបអ្នកទទួលខុសត្រូវ មជ្ឈមណ្ឌលសាសនា ឈ្មោះមហាម៉េត អាសាំអាស៊ីមូត និងបានសូមឲ្យគាត់ជួយ។
អ្នកទទួលខុសត្រូវ នៅមជ្ឈមណ្ឌល បាននាំពលការិនី ទៅប្ដឹងប៉ូលិស នៅតំបន់នោះ ហើយនិយោជក ត្រូវប៉ូលីសចាប់ប្រកាន់ពីបទ ប្រើប្រាស់ការងារ ដោយបង្ខំនិងកំពុងដំណើរ ការក្តីនៅតុលាការ។ បច្ចុប្បន្នពលការិនីកំពុងស្នាក់នៅ ក្នុងមជ្ឈមណ្ឌលស្នាក់នៅ របស់រដ្ឋាភិបាលម៉ាឡេស៊ី ចំពោះប្រាក់ខែ និងសំណងផ្សេងៗ អាជ្ញាធរម៉ាលេស៊ី នឹងរៀបចំទៅតាមការសម្រេច របស់តុលាការ នៅពេលបញ្ចប់ការកាត់ក្តី នៅថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ ២០២០ ។

ដោយពលការិនីនិងគ្រួសារ នៅកម្ពុជាមានជីវភាពក្រីក្រខ្លាំង អង្គការសម្ព័ន្ធចាប់ដៃនៅកម្ពុជា ក៏បានជួយទិញសំបុត្រ យន្តហោះជូនផងដែរ៕

To Top