ព័ត៌មានជាតិ

៩ខែ ឆ្នាំ២០២០ រាជធានីភ្នំពេញ ទទួលបានគម្រោង សាងសង់ សំណង់ថ្មី ជាង១០០០គម្រោង ស្មើនឹងទឹកប្រាក់ ជាង ២,៣ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេល៩ខែ សម្រាប់ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ បន្តទទួលគម្រោង សាងសង់សំណង់ថ្មី ប្រមាណជាង ១០០០គម្រោង លើផ្ទៃដីក្រឡា សំណង់សរុប ជាង ៥លានម៉ែត្រក្រឡា ដែលមានទំហំទឹកប្រាក់ វិនិយោគប៉ាន់ស្មាន ជាង ២,៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក ខណៈដែលរាជធានីភ្នំពេញ មានសំណង់បុរី ចំនួន ២៦៣កន្លែង និងអាគារខ្ពស់ ចំនួន១៤២៤អគារ ។

នេះបើតាមការលើកឡើង របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅ ក្នុងពិធី បើកការដ្ឋានសាងសង់ ផ្សារទំនើបអុីអន ម៉លគម្រោងទី៣ ស្ថិតនៅតាមបណ្តោយ មហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី៧ តុលា ឆ្នាំ២០២០នេះ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដែលកាលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ជាទីក្រុងខ្មោច ដែលគេភ័យខ្លាច គ្រប់គ្នាឥឡូវបានប្រែក្លាយទៅជា ប្រទេសមួយ រាជធានីមួយ ដែលមានសន្តិសុខ ពេញលេញ ជាមជ្ឈមណ្ឌលផលិត និងចែកចាយទំនិញ ជាបណ្ដុំនៃការរស់នៅ ប្រកបដោយប្រណីតភាពននិងជាតំបន់ទេសចរណ៍ដ៏រស់រវើក ដែលបង្ហាញឲ្យឃើញតាមរយៈវត្តមាន ទីក្រុងរណបអាគារពាណិជ្ជកម្ម សំណង់បុរី ខុនដូ និងផ្សារទំនើប ត្រូវបានសាងសង់ឡើង ជាបន្តបន្ទាប់នៅក្នុងនោះ ជារួមមានសំណង់បុរី ចំនួន២៦៣កន្លែង និងអាគារខ្ពស់ចំនួន ១៤២៤អគារ”។

លោលអភិបាល បានបន្ថែមថា “ជាងនេះទៅទៀត ក្នុងនោះរយៈពេល ៩ខែឆ្នាំ២០២០នេះ យើងបន្តទទួលបាន គម្រោងសាងសង់ថ្មី ចំនួន១០២០គម្រោង លើផ្ទៃដី
សំណង់សរុប ជាង៥លានម៉ែត្រក្រឡា ដែលមានទំហំទឹកប្រាក់វិនិយោគ ប៉ាន់ស្មានជាង ២,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀតធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្ដាលទីក្រុង នៃប្រទេសក្បែរខាង និងតំបន់អាស៊ីអាគ្នេយ៍ឡើយ” ។

លោក ឃួង ស្រេង បានបន្តទៀតថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អុីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែល បានបណ្ដាក់ទុនបន្ថែម សាងសង់ជាផ្សារទំនើប គម្រោងទី០៣ នៅរាជធានីភ្នំពេញ នាពេលនេះ គឺជាការសម្រេចចិត្ត វិនិយោគដ៏ត្រឹមត្រូវ ដោយផ្អែកតាមប្លង់គោល ប្រើប្រាស់ដី រាជធានីភ្នំពេញ ឆ្នាំ២០៣៥ តំបន់ភាគខាងត្បូង រាជធានីភ្នំពេញ ត្រូវបានកំណត់ថា ជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលបាន គម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណិតប្រណិត និងការអភិវឌ្ឍន៍ ទីក្រុងរណប ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្កានុពល ដែលមានស្រាប់ ក្នុងទីក្រុងប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ លោក ម៉ាសាហុីរ៉ូ មិកាមិ (MASAHIRO MIKAMI) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ថា ផ្សារទំនើបអុីអន ម៉ល ជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ទុន រកស៊ីនៅស្រុកខ្មែរ ហើយតាមរយៈ អុីអន ម៉ល ទី១និងទី២ ក្នុង១ខែៗ ផ្សារទំនើបនីមួយៗ បានទទួលអតិថិជនបានប្រមាណ ១លាននាក់។

លោកក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវី-១៩ វាពិតណាស់ថា បានធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ច មិនដូច ការរំពឹងទុក របស់យើងនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តនូវគម្រោងទី០៣របស់ខ្លួន នៅក្នុងការកសាង នៅផ្សារទំនើបអុីអន ម៉លគម្រោងទី៣នេះ ថែមទៀត ។

លោកជឿជាក់ថា គម្រោងកសាងផ្សារទំនើបអុីអន ម៉លគម្រោងទី៣នេះ គ្រោងនឹងរួចរាល់ នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកអោយដំណើរការ វានឹងមានអតិថិជន ប្រមាណ ជា១២លាននាក់ ក្នុងមួយឆ្នាំ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top