ព័ត៌មានជាតិ

កម្មករស៊ីនទ្រីព្រម បំពេញកិច្ចការងារ របស់ខ្លួនឡើងវិញ ក្រោយ ការ សម្របសម្រួល ពីអភិបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្មករ របស់ក្រុមហ៊ុនស៊ីនទ្រី ជាង២០០០នាក់ ដែលបានធ្វើកូដកម្ម តវ៉ាមិនព្រមដឹកជញ្ជូនសំរាម ទៅកាន់ទីលានចាក់សំរាម បានឯកភាពស្ម័គ្រចិត្ត ឈប់ធ្វើបាតុកម្ម និងសន្យា ចូលបម្រើការងារវិញ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០តទៅ។

ការឯកភាពគ្នានេះ បានធ្វើឡើង ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅដោះស្រាយផ្ទាល់ ដល់ទីតាំងកើតហេតុ នាព្រឹកថ្ងៃទី៧ តុលា និងបានស្នើសុំ ឱ្យកម្មករទាំងអស់ ចូលបម្រើការងារវិញ នារសៀលថ្ងៃទី ៧ តុលានេះ និងបានព្រមព្រៀងគ្នា លើ៣ចំណុច រួមមាន៖ ទី១ ចំពោះសំណើ របស់កម្មករនិយោជិត ទាមទារ ឲ្យក្រុមហ៊ុនដោះស្រាយ ពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយ តាមច្បាប់ ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ។

ទី២ ចំពោះការងារ របស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ និងទី៣ សូមឲ្យកម្មករ និយោជិតទាំងអស់ នាំគ្នាចូលធ្វើការងារ ជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។

ឆ្លៀតក្នុងឱកាសនោះ លោកឃួង ស្រេង បានផ្ដល់នូវអង្ករចំនួន ២៥គីឡូក្រាម ក្នុងម្នាក់ៗ ដែលអង្ករនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top