ព័ត៌មានជាតិ

គំនូរដីស និងជំងឺកូវីដ ១៩៖ អង្គការយូណេស្កូ លើកកម្ពស់ ភាពចម្រុះ នៃវប្បធម៌ និងការរួបរួមសង្គម តាមរយៈយុទ្ធនាការ បែបសិល្បៈ

ភ្នំពេញ៖ អង្គការយូណេស្កូ បានចាប់ផ្តើមយុទ្ធនាការ បែបសិល្បៈមួយ  ដើម្បីលើកកម្ពស់ នូវកិច្ចសន្ទនាជាលក្ខណៈ អន្តរវប្បធម៌ការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីជំទាស់ នឹងការរើសអើង ជនបរទេស ការមាក់ងាយ  និងព័ត៌មានមិនពិត ហើយពង្រឹងការរួបរួម ក្នុងសង្គម និងការផ្សះផ្សា ដើម្បីជម្នះពេលវេលា ដ៏លំបាកក្នុងអំឡុង នៃការរីករាលដាល ដោយជំងឺកូវីដ ១៩ នៅជុំវិញពិភពលោកនេះ។ 

“បើកបេះដូងអ្នក” ជាយុទ្ធនាការបែបសិល្បៈ ដោយប្រើប្រាស់ គំនូរដោយដីស ជាមធ្យោបាយ ក្នុងការចាប់ផ្តើមនូវកិច្ចសន្ទនា ក្នុងសង្គមកម្ពុជា។ យោងទៅតាមតំណាងរបស់អង្គការយូណេស្កូ លោក Sardar Umar Alam បានលើកឡើងថា ៖ «ជំងឺកូវីដ ១៩ បានប៉ះពាល់ ដល់មនុស្សជាតិទាំងមូល និងធ្វើឱ្យធ្លាក់ចុះនូវសីលធម៌ និងវិសមភាព នៅក្នុងសហគមន៍ របស់យើង។ ជំងឺនេះមិនបានប្រកាន់ ពូជសាសន៍នោះទេ ប៉ុន្តែវាមានផលប៉ះពាល់ជាច្រើន។ យើងឃើញមានការលេចឡើង នូវពាក្យសម្តីដែលបង្កប់ ដោយភាពស្អប់ខ្ពើម និងការកំណត់គោលដៅ មិនស្មើគ្នាទៅលើក្រុមងាយរងគ្រោះ និងសហគមន៍មួយចំនួន។  ក្នុងដំណាក់កាល ដ៏លំបាកនេះសាមគ្គីភាព និងការទទួលខុសត្រូវ ដោយស្មើភាព គឺជាកត្តាដ៏សំខាន់ ក្នុងការពង្រឹងនូវសង្គម ដ៏រឹងមាំមួយ ដើម្បីប្រឆាំង នឹងសត្រូវរួមរបស់មនុស្សជាតិ តាមរយៈការយោគយល់ សហការ និងទំនុកចិត្ត ដែលចាំបាច់ គិតពីសិទ្ធិមនុស្សជាចម្បង»។ 

អង្គការយូណេស្កូ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន ហាវ៉ាស់ សាំប៉ាញ  ផ្នែកសូសល ប៊ីស៊ីណេស យូនីត (Social Business Unit) បានសម្រេចជ្រើសរើសសិល្បករជនជាតិខ្មែរ-បារាំងពីស្ទូឌីយោបាសាក់ គឺលោកស្រី អេននី (Annie) និងលោកថមមី (Thommy) ដើម្បីបង្កើត សិល្បៈគំនូរដីស នៅមុខការិយាល័យ អង្គការយូណេស្កូ ជាប់ព្រះបរមរាជវាំង។ លោក Thommy បានឱ្យដឹងថា៖ «នេះជាកិត្តិយសរបស់យើង ក្នុងការអញ្ជើញឱ្យចូលរួម ជាមួយយុទ្ធនាការ ដ៏មានសារៈសំខាន់នេះ។ យើងជឿជាក់ថាសិល្បៈ ជាការផ្សារភ្ជាប់មនុស្ស និងមនុស្ស មិនថាពួកគេជាជនជាតិអ្វី មានសាវតារ ឬជំនឿបែបណានោះទេ។ យើងសង្ឃឹមថា ទម្រង់នៃសិល្បៈដីសនេះនឹងជួយមនុស្ស ឱ្យនិយាយដោយបើកចំហជាមួយគ្នា ថាពួកយើងមានបេះដូង និងទឹកចិត្តតែមួយ។ ចំណែកលោកអ៊ុង ដាណិត ជានាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបញ្ជាក់ថា៖ «យើងគ្រប់គ្នាសុទ្ធតែចង់រស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ហើយពិតណាស់គឺយើង ចង់កម្ចាត់វីរុសមួយនេះ ចេញពីពិភពលោក។ មិនត្រឹមតែវីរុសកូរ៉ូណាទេ តែយើងក៏ចង់កម្ចាត់នូវវីរុសនៃសេចក្តីស្អប់ និងការរើសអើង មិនថាពីប្រទេសកម្ពុជា ឬក៏ទូទាំងពិភពលោកនោះទេ»។ 

សិល្បៈនៃគំនូរ ដោយដីសនៅលើដី មានអមដោយរូបផ្កា និងពាក្យពេចន៍មួយចំនួន ទាំងភាសាខ្មែរ និងអង់គ្លេស រួមទាំងស្លាកសញ្ញាមួយចំនួនផងដែរ។ ពាក្យពេចន៍ដែលយើងជ្រើសយកមក គឺដើម្បីបង្ហាញ ពីផលវិបាក សកម្មភាព ឬអាកប្បកិរិយា បែបវិជ្ជមាន។ចំពោះអត្ថន័យ នៃរូបផ្កាវិញ គឺយើងចង់បង្ហាញ ពីភាពផុយស្រួយនៃជីវិត និងការរីកសាយភាយនៃវីរុសនៅក្នុងខ្យល់។ ផ្ទៃជារង្វង់ និងគ្រាប់ពូជផ្កា គឺបង្ហាញ ពីធាតុសំខាន់ពីរ នៃស្លាកសញ្ញា របស់យុទ្ធនាការរបស់យើង ដោយក្នុងនោះមានរូបតំណាងឱ្យបេះដូង ដើម្បីបង្កើតឈ្មោះយុទ្ធនាការ “បើកបេះដូងអ្នក” ។  យើងសង្ឃឹមថាពាក្យពេចន៍សាមញ្ញៗ និងងាយស្រួយ រួមទាំងស្លាកសញ្ញា រូបតំណាងនឹងផ្តល់ភាពងាយស្រួលដល់សហគមន៍ ក្នុងការឈ្វេងយល់បន្ថែម និងចូលរួមជាមួយនឹងយុទ្ធនាការនេះ។ ធម្មជាតិរបស់ដីស គឺងាយនឹងរលុប ដូច្នេះយើងសង្ឃឹមថា ផលប៉ះពាល់ អវិជ្ជមានចំពោះសង្គម ដែលបណ្តាលមកពី ជំងឺកូវីដ ១៩ នឹងរសាត់បាត់ទៅ នៅចុងបញ្ចប់ នៃរដូវវស្សានេះ។

ជាមួយនឹងយុទ្ធនាការ បែបសិល្បៈ ដើម្បីពង្រឹងនូវការរួបរួមសង្គម និងការផ្សះផ្សាសហគមន៍ អង្គការយូណេស្កូ ក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបង្កើតនូវយុទ្ធនាការលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម #DontGoViral ដោយក្នុងនោះបានអញ្ជើញ សិល្បការិនីកម្ពុជា ចំនួន ៤រូប និងក្រុមសិល្បៈ ដែលកំពុងពេញនិយម-ចំនួន១ក្រុម ដើម្បីចែករំលែក ទៅកាន់សាធារណជន អំពីការកើនឡើង នូវព័ត៌មានមិនពិតជាច្រើននៅលើអ៊ីនធឺណិត ក្នុងអំឡុងពេលកូវីដ១៩នេះ។ 

តាមរយៈយុទ្ធនាការ របស់អង្គការយូណេស្កូ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមកម្ពុជា ជាង ៣០ម៉ឺននាក់ បានចូលរួម ក្នុងការឈ្វេងយល់ ពីការទទួលបាននូវព័ត៌មានពិត ដែលអាចជឿទុកចិត្ត បានទាន់ពេលវេលា ហើយប្រើប្រាស់ និងចែករំលែកព័ត៌មានទាំងនោះ ប្រកបដោយការពិចារណា។ គំនិតផ្តួចផ្តើមទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចការដែលអង្គការ យូណេស្កូកំពុងធ្វើ ដើម្បីពង្រឹងនូវសេរីភាព នៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីផ្នែកអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា៕

To Top