ព័ត៌មានជាតិ

លោក លឹម គានហោ បន្តបេសកកម្ម​ ដឹកនាំក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ម៉ៅ ចន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុករុក្ខគិរី លោក នួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅព្រឹក ថ្ងៃសៅរ៍ ៨រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង យ៉ាងគំហុក ដែលបានហូរបុកផ្តាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើឲ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះក្នុងភូមិសាស្រ្តខាងលើនេះ និងផ្នែកទំនាបនៅខាងក្រោម ។

ជារួម ទឹកជំនន់ទឹកភ្លៀងនេះ បានស្រកជាបណ្ដើរៗ ហើយនៅប៉ែកខាងលើ គឺនៅឃុំបាសាក់ និងផ្នែកមួយចំនួន នៃឃុំព្រែកជីក ស្រុករុក្ខគិរី ប៉ុន្តែវានឹងបង្កការជន់លិច ទៅផ្នែកខាងក្រោមក្នុងស្រុកមោងឫស្សីជាបន្ត ។

ក្រោយពីចុះពិនិត្យជាក់ស្តែងដល់ទីតាំង ដែលជួបរង គ្រោះជំនន់ទឹកភ្លៀងនាព្រឹកនេះ លោកទេសរដ្ធមន្រ្តីគន់ គីម
ព្រមទាំងសហការីខាងគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបន្តរបេសកកម្មជួយប្រជាពលរដ្ឋជាបន្ត ។

ចំណែក លោករដ្ឋមន្រ្តី លឹមគានហោ ព្រមទាំងសហការីថ្នាក់រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីបច្ចេកទេស រួមដំណើរទាំងអស់ បានសំរេចចេញនូវផែនការទប់ទំនប់អាងទឹក បាសាក់ឡើងវិញ ជាបន្ទាន់ដោយប្រើប្រាស់គ្រឿងចក្រ របស់ក្រុមហ៊ុនកូរ៉ ដែលកំពុងប្រត្តិបត្តិការនៅទំនប់ដូនទ្រីក្បែរនោះស្រាប់ ដោយប្រើគ្រឿងចក្រធុនធ្ងន់ ចំនួន18គ្រឿង ចាក់ល្បាយថ្ម ទំហំ ៦០ស.ម និងដីជួសជុលចាក់បិតទំនប់ដេញមកបណ្តើរៗ និងចុងម្ខាងទៀតបានត្រៀមគ្រឿងចក្រ ធុនធ្ងន់ចំនួន 14គ្រឿង គឺបានត្រៀមមធ្យោបាយស្ទើរគ្រប់គ្រាន់ទាំងអស់ ហើយធ្វើការវាយសម្រុកជួសជុលបិតផ្ចិតទំនប់ដែលដាច់ឲ្យជាប់ដូចដើមក្នុងរយ:ពេល ២ រឺ ៣ថ្ងៃ បើទោះបីស្ពានបេឡេដែលខេត្តសន្យាជួយតភ្ជាប់ផ្លូវមិនទាន់រួចក៍ដោយ ដើម្បីបញ្ចៀសគ្រោះមហន្តរាយបន្ថែម និងរក្សាទឹកជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ការងារបង្កបង្កើនផលនាពេលខាងមុខ ។

ក្រៅពីជំនន់ទឹកភ្លៀងនៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបង រួមមានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបវេលក៏កំពុងប្រឈម សោយការយាយីពីជំនន់ទឹកភ្លៀងនេះផងដែរ ។

ថ្នាក់ដឹកនាំក្រសួង មន្ទីរធនធានទឹក និងឧតុនិយមគ្រប់ រាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ បានបន្តតាមដាន និងធ្វើការអន្តរាគមនជាបន្តបន្ទាប់ លើគ្រោះមហន្តរាយជំនន់ទឹកភ្លៀង នាពេលបច្ចុប្បន្ននេះ ៕

To Top