ព័ត៌មានជាតិ

វិភាគ ៖ ក្រុមភេរវករអាចតាមទៅវ៉ៃ អាមេរិក ដល់ផ្ទះ បើលោក ត្រាំ ដកកងទ័ពចេញ អស់ពីប្រទេស អាហ្វហ្កានិស្ថាន

បច្ចុប្បន្នភាព

លោក David Miller អ្នកជំនាញផ្នែកភេរវនិយម និងជាសាស្ត្រាចារ្យ ទ្រឹស្តីនយោបាយអន្តរជាតិ ចក្រភពអង់គ្លេស បាននិយាយថា ក្រុមភេរវករ អន្តរជាតិ នឹងតាមទៅវាយប្រហារ សហរដ្ឋអាមេរិកដល់ផ្ទះ ប្រសិនបើលោក ដូណាល់ ត្រាំ សម្រេចចិត្តដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្កានិស្ថាន នៅមុនថ្ងៃបុណ្យណូអែល ចូលមកដល់ ។

លោក David Miller បានបន្ថែមថា ក្រុមភេរវករអន្តរជាតិ នឹងយកប្រទេស អាហ្វហ្កានិស្ថានធ្វើជាមូលដ្ឋានហ្វឹកហ្វឺប ច្ចេកទេសភេរវកម្ម ក្រោយពេលដែលមេដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត នឹងសម្រេចចិត្តដកកងកម្លាំងយោធា របស់ខ្លួនទាំងអស់ ឬនៅសល់តិចតួចក្នុងប្រទេស អាហ្វហ្កានិស្ថាននៅពេលខាងមុខ ។

ការលើកឡើងបែបនេះ របស់លោក David Miller ត្រូវបានធ្វើឡើងក្រោយពីលោក ត្រាំ បានសរសេរ តាមប្រព័ន្ធបណ្តាញសង្គម ធ្វីទ័រ (Twitter) របស់លោកថា កងទ័ពសហរដ្ឋអាមេរិកទាំងអស់ ដែលកំពុងឈរជើងនៅប្រទេស អាហ្វហ្កានិស្ថាន អាចនឹងវិលត្រឡប់ ទៅកាន់មាតុភូមិ របស់ខ្លួនវិញរហូត ដល់ថ្ងៃបុណ្យណូអែល ឆ្នាំ២០២០នេះ ។
គេមិនដឹងច្បាស់ទេថា តើលោក ដូណាល់ ត្រាំ គ្រាន់តែនិយាយតែមាត់ ឬក៏ពិតជានឹងចេញបញ្ជាឲ្យដកកងទ័ពអាមេរិក ឲ្យអស់ពីអាហ្វហ្កានីស្ថាន ពិតមែននោះទេ ហើយលោក ត្រាំ បានប្រកាសដកកងទ័ពអាមេរិក ឲ្យអស់ពីអាហ្វហ្កានីស្ថាន នៅមុនដំណាច់ឆ្នាំនេះ នៅតែប៉ុន្មានម៉ោង ក្រោយទីប្រឹក្សា សន្តិសុខជាតិ របស់លោកបានបង្ហាញថា វ៉ាស៊ីនតោននឹងកាត់បន្ថយចំនួនទ័ព អាមេរិកនៅអាហ្វហ្កានីស្ថាន មកនៅត្រឹម២៥០០នាក់ ពីពេលនេះរហូតចុងឆ្នាំ ។

គិតត្រឹមខែកញ្ញាក ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក មានកងទ័ពឈរជើងនៅប្រទេស អាហ្វហ្កានីស្ថានប្រមាណ៨៦០០នាក់ ហើយក្រសួងការពារជាតិ អាមេរិកធ្លាប់បានប្រកាស ពីដំណាក់កាលនៃដកកងទ័ព រហូតដល់ក្រោមចំនួន៥០០០នាក់ នៅខែវិច្ឆិកាចុងឆ្នាំនេះ ។

ការដកកងទ័ពអាមេរិកចេញ ពីអាហ្វហ្កានិស្ថាន ត្រូវបានធ្វើឡើងទៅ តាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ជាមួយពួកតាលីបង់ ដែលអាមេរិកបានវាយណ្តេញ ចេញពីអំណាចនៅ អាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០០១កន្លងទៅ ហើយលោក ដូណាល់ ត្រាំ បានសន្យាបិទបញ្ចប់សង្រ្គាមនេះ ដែលបានអូសបន្លាយអស់ រយៈពេលជិត២ទសវត្សរ៍នៅឆ្នាំនេះ ។

លោក ដូណាល់ ត្រាំ បានសរសេរសារតាមប្រព័ន្ធបណ្តាញសង្គមទ្វីទ័រ ថា លោកនឹងដកកងទ័ពអាមេរិក ឲ្យអស់ពីអាហ្វហ្កានីស្ថាន នៅថ្ងៃខួបទី១៩ឆ្នាំ នៃការឈ្លានពានរបស់អាមេរិក ចូលអាហ្វហ្កានីស្ថាន ដើម្បីផ្តួលរំលំរដ្ឋាភិបាលតាលីបង់ ដែលអាមេរិក បានចោទប្រកាន់មេដឹកនាំរបស់ របបនេះពីបទលាក់បាំង ក្រុមភេរវកររបស់អង្គការ ភេវរកម្ម អាល់កៃដា ដែលបានវាយប្រហារភេរវកម្ម លើអគ្គារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ដោយបើកបរយន្តហោះ ដឹកអ្នកដំណើរ២គ្រឿងបំបុក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅ ។
ការដកកងទ័ពអាមេរិកចេញពីសង្រ្គាមគ្មានថ្ងៃចប់ នៅអាហ្វហ្កានិស្ថាន គឺជាសំណុំរឿងសំខាន់ ដែលលោក ដូណាល់ ត្រាំ យកទៅប្រើក្នុងការឃោសនា បោះឆ្នោតនៅអាណត្តិទី២ របស់លោក នៅចុងឆ្នាំ២០២០នេះ ប៉ុន្តែនៅពេលដែលលោក ត្រាំ អាចសម្រេចកិច្ចព្រមព្រៀងជាមួយពួកឧទ្ទាមតាលីបង់ ដើម្បីអាចដកកងទ័ពអាមេរិកចេញបាន គឺកងទ័ពអាមេរិក នៅតែបន្តធ្វើសង្រ្គាម ក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ និងស៊ីរីដដែល ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយកើតសង្គ្រាម នៅប្រទេសអាហ្វហ្កានិស្ថាន រវាងកងទ័ព របស់សហរដ្ឋអាមេរិក រួមទាំងកងទ័ព របស់ប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ជាមួយពួកឧទ្ទាមតាលីបង់ គឺបានកើតឡើងដល់ដោយសារអាមេរិក បានចោទប្រកាន់រដ្ឋាភិបាល តាលីបង់អាហ្វហ្កានិស្ថានពីបទវាយប្រហារ ភេរវកម្មលើទឹកដីអាមេរិក កាលពីឆ្នាំ២០០១កន្លងទៅ ។
ជាការសងសឹកវិញ សហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាល តាលីបង់របស់ប្រទេសអាហ្វហ្កានិស្ថាន ពីបទលបលួចលាក់បំពួន លោក អូសាម៉ា ប៊ីឡាដិន (Osama Bin Laden) មេដឹកនាំកំពូលអង្គការភេរវកម្ម អាល់កៃដា (Al-Qaeda) ។

ទីភ្នាក់ងារចារកម្មអាមេរិក បានរកឃើញថា ការវាយប្រហារភេរវកម្មដោយបើកបរយន្តហោះ ដឹកអ្នកដំណើរ២គ្រឿង ទៅបំបុកអគារពាណិជ្ជកម្មពិភពលោក គឺជាស្នាដៃរបស់លោក អូសាម៉ា ប៊ិន ឡាដិន ដែលជាមេដឹកនាំ របស់អង្គការភេរវកម្មពិភពលោក អាល់កៃដា ។
ការវាយប្រហារភេរវកម្ម នៅពេលនោះ បណ្តាលអោយមនុស្សប្រមាណជាង៣ពាន់នាក់ បានបាត់បង់ជីវិត អគារភ្លោះដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ត្រូវបាក់ស្រុតដល់ដី និងឯកសារសំខាន់ៗពាក់ព័ន្ធពាណិជ្ជកម្មត្រូវបានបំផ្លាញទាំងស្រុង ។

ក្រោយពីស៊ើបការណ៍ដឹងថា អំពើភេរវកម្មនោះជាស្នាដៃរបស់មេភេរវករ អូសាម៉ា ប៊ិនឡាដិន, អាមេរិកបានកំណត់ថា អូសាម៉ា ប៊ិនឡាដិន កំពុងលាក់ខ្លួននៅប្រទេសអាហ្វហ្កានិស្ថាន ក្រោមការជួយលាក់បំពួនពីរដ្ឋាភិបាលតាលីបង់របស់ប្រទេសនេះ ។

អាមេរិកបានគម្រាមរដ្ឋាភិបាល តាលីបង់អាហ្វហ្កានិស្ថាន អោយប្រគល់ អូសាម៉ា ប៊ិន ឡាដិន អោយសហរដ្ឋអាមេរិកជាបន្ទាន់ ហើយមិនប្រគល់អោយទេ អាមេរិកនឹងវាយប្រហារផ្តួលរំលំ របស់ដឹកនាំរបស់រដ្ឋាភិបាលតាលីបង់ ។

ប្រមុខដឹកនាំរដ្ឋាភិបាលតាលីបង់ បានឆ្លើយបដិសេធថា ខ្លួនមិនបានលាក់បំពួនលោក អូសាម៉ា ប៊ិន ឡាដិន ដូចការចោទប្រកាន់របស់ទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិកនោះទេ ហើយខ្លួនក៏មិនដឹងថា អូសាម៉ា ប៊ិន ឡាដិន នៅកន្លែងណាដែរ ។

ដោយមិនជឿលើការប្រកាសបដិសេធ របស់រដ្ឋាភិបាលតាលីបង់, កងកម្លាំងយោធា របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមវាយប្រហារផ្តួលរំលំរដ្ឋាភិបាល តាលីបង់អាហ្វហ្កានិស្ថាន ដូចដែលខ្លួនបានគម្រាម ក្រោយពីទទួលបានលទ្ធផលស៊ើបអង្កេត ។

ក្រោយពីបានផ្តួលរំលំរដ្ឋាភិបាល អាហ្វហ្កានិស្ថាន កាលពីពីឆ្នាំ២០០១កន្លងទៅ អាមេរិករកមិនឃើញ លោក អូសាម៉ា ប៊ិន ឡាដិន នោះទេ ហើយរដ្ឋាភិបាលតាលីបង់ បានក្លាយជាពួកឧទ្ទាម វាយប្រហារលើកង ទ័ពរដ្ឋាភិបាលថ្មីអាហ្វហ្កានិស្ថាន និងកងទ័ពអាមេរិកវិញ ។

ចាប់ពីពេលនោះមក សង្គ្រាមស៊ីវិលនៅប្រទេស អាហ្វហ្កានិស្ថាន បានឆាបឆេះរហូតមក ដែលខាងរដ្ឋាភិបាលថ្មី អាហ្វហ្កានិស្ថាន ដែលលើកបន្តុបដោយអាមេរិក បានសហការជាមួយកងទ័ពអាមេរិក និងកងទ័ពរបស់អង្គការណាតូ ចូលរួមប្រយុទ្ធជាមួយពួកឧទ្ទាមតាលីបង់ ។

សង្គ្រាមស៊ីវិលរវាងសហរដ្ឋអាមេរិក និងពួកឧទ្ទាមតាលីបង់ ក្នុងរយៈពេលជាង១៩ឆ្នាំកន្លងមកនេះ មិនមានភាគីណាមួយឈ្នះចាញ់នោះទេ តែផ្ទុយទៅវិញ សង្គ្រាមនេះមានតែការ ខាតបង់លុយកាក់ និងបាត់បង់អាយុជីវិតមនុស្សរាប់សែននាក់ ។

គិតមកទល់នឹងឆ្នាំ២០២០នេះ គឺរយៈពេល១៩ឆ្នាំហើយ ហើយជាលទ្ធផល ប្រទេសអាហ្វហ្កានិស្ថាន ត្រូវហែកហួរ និងយារយី ដោយសង្រ្គាមដ៏រ៉ាំរ៉ៃ និងអ្នកដែលទទួលរងការ លំបាកបំផុតនោះ គឺគ្មាននរណាក្រៅពីប្រជាជន នៅប្រទេសអាហ្វហ្កានីស្ថានទេ ៕

ដោយ ៖ អ៊ី ជិន

To Top