នយោបាយ

លោក សយ សុភាព អតីតសហប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា -ចិន អបអរសាទរ ទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសចិន នៅកម្ពុជា

ភ្នំពេញ៖ លោក សយ សុភាព អតីតសហប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (២០១៩- ២០២០) បានសម្តែងការអបអរសារទរ និងស្វាគមន៍ចំពោះដំណើរ ទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស ចិន នៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០។

លោក សយ សុភាព បានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះថា “ការមកដល់របស់លោក វ៉ាង យី បង្ហាញពីទំនាក់ទំនងការទូត រវាងមេដឹកនាំកំពូល នៃប្រទេសទាំង២ និង ប្រទេសទាំង២ ប្រជាជនទាំង២ កាន់តែស៊ីជម្រៅ និងការការពារអធិបតេយ្យ គ្នាទៅវិញទៅមក ជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហការកាន់តែស៊ីជម្រៅ ដែលញាំងឲ្យប្លុុក ឥណ្ឌូប៉ាស៊ីហ្វិក និងសម្ព័ន្តមិត្តខ្លះរបស់គេ មិនអាច ប៉ុនប៉ង យាយី បំផ្លាញ សន្តិភាព របស់កម្ពុជាបានឡើយ ហើយក៏អាចជាការបញ្ឈប់មហិច្ឆិតា អាក្រក់មកលើខ្មែរដែរ”។

លោកបន្ដថា “យើងខ្ញុំនៅចងចាំជានិច្ចនូវស្នាមព្រះហស្ត របស់សម្តេចព្រះ បិតាជាតិ នរោត្តម សីហនុ និងមេដឹកនាំចិន ជំនាន់មុនដែលបានស្ថាបនា ពូនជ្រុំ នូវមរតកដែលមិនអាចកាត់ថ្លៃបាននូវទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះមកដល់ មេដឹកនាំ និងប្រជាជនយើងទាំង២ ជំនាន់ក្រោយ និង តទៅអនាគត”។

សូមជម្រាបថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

ជាងនេះទៅទៀ លោក វ៉ាង យី នឹងមានជំនួបប្រជុំផ្លូវការជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែល ជាប្រយោជន៍និងកង្វល់រួម។

ក្រោយមកទៀត សម្ដេចតេជោ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់ចំនួន២ទៀត រួមមាន លិខិតប្ដូរសារស្ដី ពីការសិក្សាសមិទ្ធលទ្ធភាព គម្រោងធ្វើឲ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារ ស្ដីពីការសិក្សាសមិទ្ធលទ្ធភាព គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ៕

To Top