ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ដាំកូនឈើប្រភេទធ្នង់ ជិត១០០០ដើម តាមបណ្ដោយផ្លូវគល់ស្ពាន ស្ទឹងត្រង់-ក្រូចឆ្មារ

កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ លោកអ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីដាំកូនឈើប្រភេទឈើធ្នង់ ប្រមាណជា ១០០០ដើម នៅតាមបណ្ដោយផ្លូវ ចំណុចរង្វង់មូលគល់ស្ពានឆ្លងកាត់ទន្លេ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ។ 

លោកអភិបាលខេត្តបាន ថ្លែងក្នុងឱកាសនោះថា នៅក្នុងខណៈពេលដែលរាជរដ្ឋាភិបាល ជំរុញនូវការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដូច្នេះក្នុងនាមមន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមទាំងអស់គ្នា ក្នុងការរៀបចំសោភ័ណភាព ឲ្យស្រស់បំព្រង នៅក្នុងមូលដ្ឋានរបស់យើងផងដែរ ។ ជាពិសេសការចូលរួមដាំកូនឈើនាពេលនេះ ពិតជាមានតម្លៃនឹងមានប្រយោជន៍យូរអង្វែង ពោលគឺបានចូលរួមកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សោភ័ណភាព នៅក្នុងទីប្រជុំជនរបស់យើងនេះតែម្តង ។ 

លោកអភិបាលខេត្តបានថ្លែងបន្តថា ស្ពានឆ្លងកាត់ទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនជាពិសេសដល់ប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជីវភាពគ្រួសារក្នុងតំបន់ផងដែរ ។ ដូច្នេះយើងត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យតំបន់របស់យើងនេះ

មានការអភិវឌ្ឍន៍រីកចម្រើន សមស្របទៅនឹងសមិទ្ធផលដ៏ថ្លៃថ្លានេះ ម្យ៉ាងទៀតការដាំដើមឈើប្រភេទឈើប្រណិត នាពេលនេះ ក៏បានមកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ។ 

លោកអភិបាលខេត្ត បានយកឱកាសនោះថ្លែងអំណរគុណផងដែរ ដល់លោក សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានជួយឧបត្ថម្ភកូនឈើប្រណិត ប្រភេទឈើធ្នង់នេះ ចំនួន១០០០ ដើម ដើម្បីរៀបចំពិធីដាំដុះនាពេលនេះ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top