ព័ត៌មានជាតិ

រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកបណ្តោះអាសន្ន ក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវ ខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកបណ្តោះអាសន្ន រថយន្តធុនធំ គ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង។ 

យោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានឲ្យដឹងថា «ដើម្បីការពារសុវត្ថិភាព ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សូមធ្វើការផ្លាកបណ្តោះអាសន្ននូវ រថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ទូទាំងខេត្តបាត់ដំបងចាប់ពីពេលជូនដំណឹងនេះតទៅ ហើយនឹងធ្វើការបើកឲ្យចរាចរណ៍ឡើងវិញ នូវរថយន្តធុនធំគ្រប់ប្រភេទ បន្ទាប់ពីស្ថានភាពទឹកជំនន់ថយចុះ និងក្រោយការជួសជុលរួចរាល់ ។»

 មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ នឹងអនុវត្តបានល្អនូវសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសូមធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង បាននិងកំពុងបង្កការគំរាមកំហែងខ្លាំងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។ តាមព័ត៌មានដែលទទួលបាន បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានជន់លិចកាន់តែខ្លាំងនៅក្នុងក្រុងពោធិ៍សាត់ និងតាមតំបន់ទំនៀបនៅក្នុងស្រុកមួយចំនួនទៀតដូចជាវាលវែង និងកណ្តៀងជាដើម។

ដោយឡែកនៅក្នុងខេត្តបាត់ដំបង ទឹកដងស្ទឹងសង្កែ ចាប់ផ្តើមកើនឡើងខ្លាំង ហើយចាប់ផ្តើមហូរចូលក្នុងក្រុងផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top