ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង កំពុងវាយប្រហារ ស្រុកមោងឫស្សី បែរជាអភិបាលស្រុក ថតរូបបង្ហោះហ្វេសប៊ុក សើចសប្បាយ គ្មានខ្វល់អ្វីឡើយ

ភ្នំពេញ ៖ ឥទ្ធិពលព្យុះជាបន្តបន្ទាប់ធ្វើឲ្យ មានជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តមួយ ចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តចំនួន៣ កំពុងរងគ្រោះខ្លាំងជាងគេគឺខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ។

ជុំវិញបញ្ហានេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីណែនាំ អោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ។ ដោយឡែកក្នុង ខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកបញ្ជាការឯកភាពខេត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលកំពុងជួបគ្រោះជំនន់ទឹកភ្លៀងនេះផងដែរ។

ខណៈដែលបងប្អូនប្រជាពលរដ្ឋ កំពុងជួបទុក្ខវេទនា សោកស្ដាយជាពន់ពេកនូវស្រូវ ដែលកំពុងល្អនិងជិត បានប្រមូលផលហើយ បែរជាមកលិចលង់យ៉ាង គំហុកបែបនេះទៅវិញនោះ ស្រាប់តែ លោក ទេព ហន អភិបាលស្រុកមោងឫស្ស៊ីនៅថ្ងៃទី១១ ខែ តុលានេះ បែរជាបង្ហោះរូបភាពសើចក្អាកក្អាយ សប្បាយទៅវិញ។

ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ បានសំដែងការហួសចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ចំពោះសកម្មភាពអភិបាលស្រុករូបនេះ ដែលតែងតែចេញថតរូបបង្ហោះហ្វេសប៊ុក យកមុខតែមិនសូវចេញដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យបានទាន់ ពេលវេលានោះឡើយ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងស្រដៀងៗគ្នាថា «ជំនន់ទឹកភ្លៀងកំពុង វាយប្រហារ ស្រុកមោងឫស្សី បែរជាអភិបាលស្រុកសើចសប្បាយទៅវិញ តើអោយពលរដ្ឋសង្ឃឹមអ្វីទៀត ទៅបើអាជ្ញាធរដែលជាម៉ែឪរបស់ប្រជាពលរដ្ឋ មិនបានយកចិត្តទុកដាក់ដោះ ស្រាយបញ្ហាសោះនោះ»៕

To Top
×