ព័ត៌មានជាតិ

មេប៉ូលិសបញ្ជា ឲ្យកងកម្លាំងគ្រប់រាជធានី-ខេត្ត ត្រៀមខ្លួន គ្រប់ពេលជួយសង្រ្គោះពលរដ្ឋ ដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជា ឱ្យអង្គភាពនគរបាលគ្រប់រាជធានី-ខេត្ត ត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ខណៈដែលកម្លាំងនគរបាល ក៏បានចេញប្រតិបត្តិការសង្គ្រោះ នៅខេត្តចំនួន៤រួចហើយផងដែរ។
នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់គេហទំព័រ និងព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។

បទបញ្ជាអគ្គស្នងការនគរបាលជាតិ បានធ្វើឡើងខណៈដែលបណ្តាខេត្តមួយចំនួន នៅភាគខាងលិចប្រទេសកម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលមកពីធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ ខណៈដែលការព្យាករណ៍បានបញ្ហាថា នឹងមានភ្លៀងថែមទៀត នៅកម្ពុជា។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ដោយសារកម្ពុជា កំពុងរងនូវប្រព័ន្ធសម្ពាធទាប ហើយមានការព្យាករណ៍ថា នឹងមានព្យុះចំនួន២ទៀត ដែលនឹងមកដល់ឆាប់ៗនេះ ដោយឡែកស្ថានភាពទឹកជំនន់បានហក់ឡើងទៀត ជាពិសេសខេត្តពោធិ៍សាត់ ដោយបានលិចផ្លូវជាតិលេខ៥ ផងនោះ ទើបអគ្គស្នងការដ្ឋានមានក្តីបារម្ភ ដែលត្រូវត្រៀមកងកម្លាំងគ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីចេញប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អះអាងថា «ដូច្នេះដើម្បីកុំឱ្យបាត់ភាពម្ចាស់ការ យើងបានត្រៀមកម្លាំងគ្រប់អង្គភាព គ្រប់ស្នងការរាជធានីខេត្ត ឱ្យត្រៀមកម្លាំងទាំងមធ្យោបាយ និងសម្ភារៈទាំងអស់ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ឬក៏ជួយគ្នាទៅវិញទៅមក សម្រាប់នៅទីតាំងភូមិសាស្រ្តដែលនៅជាប់គ្នា ដោយត្រៀម២៤ម៉ោងលើ២៤ម៉ោង»។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា សម្រាប់នៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ កងកម្លាំងនគរបាលតាមមូលដ្ឋាន បាននិងកំពុងចេញប្រតិបត្តិការ ក្នុងការសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ផងដែរ៕

To Top