ព័ត៌មានជាតិ

Breaking News៖លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន អញ្ជើញមកដល់ភ្នំពេញហើយ

ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់ ប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ។

សូមរំលឹកផងដែរថា យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ តុលានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះលោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

លោក វ៉ាង យី នឹងមានជំនួបប្រជុំផ្លូវការ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ច ព្រម ព្រៀង ពា ណិជ្ជ កម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់ ២ទៀត រួមមាន លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាព ជាប្រពៃណីដ៏យូរលង់សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈម ជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕

To Top