ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី លើកទឹកចិត្ត ឲ្យសមាជិកសសយក បន្តបេសកកម្ម ជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង រហូតដល់ស្ថានការណ៏មានការធូរស្បើយ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារលើកទឹកចិត្ត ឲ្យសមាជិក សមាជិកា សសយក បន្តនូវបេសកកម្មជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង រហូតដល់ស្ថានការណ៏មានការធូរស្បើយ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានីបានសរសេរយ៉ាងដូច្នេះថា «ក្នុងស្ថានការណ៏ ដែលទឹកជំនន់កំពុងបន្តហក់ឡើង នៅតាមបណ្តាខេត្តមួយចំនួន ខ្ញុំសូមអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារខ្លួនគ្រប់ៗរូប។ នៅទីនេះ យើងកំពុងបន្តតាមដាន និងវាយតម្លៃជាប់ជាប្រចាំ នូវស្ថានការណ៏នេះ និងត្រៀមគ្រប់លទ្ធភាពទាំងអស់ តាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលទុក្ខ លំបាកនានាដែលបាន និងកំពុងកើតមាន។ «

ឆ្លៀតក្នុងឱកាសនេះ លោកហ៊ុន ម៉ានី ក៏សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានពួតដៃគ្នា ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការជម្លៀសប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព បានយ៉ាងទាន់ពេលវេលា និងដោយប្រសិទ្ធិភាព។

លោកហ៊ុន ម៉ានី បញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្ត ឲ្យសមាជិក សមាជិកាយើង បន្តនូវបេសកកម្មជាអាទិភាពនេះ នៅថ្ងៃបន្តបន្ទាប់ រហូតដល់ស្ថានការណ៏មានការធូរស្បើយ»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top