ព័ត៌មានជាតិ

ចិននៅតែបន្តគាំទ្រកម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជារក្សាបាន អធិបតេយ្យភាពថ្លៃថ្នូររបស់ខ្លួន

ភ្នំពេញ៖ លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋ មន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ក្នុងនាមរដ្ឋាភិបាលខ្លួន បានបញ្ជាក់អះអាង នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ចិននៅតែបន្តគាំទ្រកម្ពុជា យ៉ាងរឹងមាំជារៀងរហូត ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជារក្សា បាននូវអធិបតេយ្យភាពថ្លៃថ្នូរ ទាំងក្នុងប្រទេសនិងក្រៅប្រទេស។

ការបញ្ជាក់នេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោនៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ នាទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងឱកាសប្រមុខការទូតនេះ បំពេញទស្សបកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១១ដល់១២តុលា ដើម្បីពង្រឹងទំនាក់ទំនង ជាមួយគ្នាបន្ថែមទៀត។

ក្នុងឱកាសបំពេញទស្សនកិច្ច ក្នុងសម័យកូវីដនេះ របស់រដ្ឋមន្រ្តីការបរទេសចិន គឺភាគីកម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយគ្នា ដោយ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានធ្វើសាក្សីផងដែរ។

លោក វ៉ាង យី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចសម្ដេចតេជោទៅចិន កាលពីអំឡុងខែកុម្ភៈ គឺឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់ដ៏ល្អ របស់សម្ដេចចំពោះប្រជាជននិង រដ្ឋាភិបាលចិន។ លើសពីនោះទៅទៀត បានបង្ហាញភាព ស្និទ្ធស្នាលមិត្តភាព ដ៏រឹងមាំនៃទំនាក់ទំនង និងការយកចិត្តទុកដាក់ រវាងកម្ពុជានិងចិន ។

លើសពីនេះទៅទៀត លោកបញ្ជាក់ថា នេះគឺជាសណ្តាន ទឹកចិត្តមួយរបស់សម្ដេចតេជោ មិនត្រឹមតែចំពោះប្រជាជន ចិនប៉ុណ្ណោះទេ គឺចំពោះប្រជាជន ទូទាំងពិភពលោកតែម្ដង។ ជាក់ស្តែង កន្លងមកដូចជាការទទួល ប្រជាជនជាប់នៅនាវា Westerdam ដែលឆ្លុះបញ្ចាំងសន្ដានចិត្តមនុស្សធម៌ របស់សម្ដេចតេជោ ដែលនៅពេលនោះអន្តរជាតិទាំងមូល បានទទួលស្គាល់ថាកម្ពុជា គឺជាប្រទេសដ៏តូចមួយ តែមានបេះដូងធំ។

លោកបានមានប្រសាសន៍ថា “ភាគីទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅបន្ថែមទៀត។ លើស ពីនេះទៅទៀត លោកក៏បានជម្រាបជូន សម្ដេចតេជោថា ចិននៅតែបន្តគាំទ្រកម្ពុជយ៉ាងរឹងមាំ ធ្វើយ៉ាងណាឲ្យកម្ពុជា រក្សាបាននូវអធិបតេយ្យភាពថ្លៃថ្នូរ របស់កម្ពុជា”។

ជាការឆ្លើយតប សម្ដេចតេជោ ថ្លែងអំណរគុណ ចំពោះការវាយតម្លៃខ្ពស់ នៃទំនាក់ទំនងរវាងកម្ពុជា-ចិន។ សម្ដេចតេជោ ក៏បានអបអរសាទរ ចំពោះមិត្តចិន ដែលទទួលបាន នូវភាពជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សម្ដេចតេជោ បានមានប្រសាសន៍ថា ចិនមានប្រជាជន ជាង១ពាន់លាននាក់ ប៉ុន្តែអ្នកដែលទទួលរងនូវជំងឺនេះ មានភាគរយតិចបំផុត បើប្រៀបធៀបទៅនឹងប្រទេសដទៃ ក្នុងន័យនេះ ប្រទេសចិន គឺមានសមត្ថភាពគ្រប់គ្រាន់ នឹងបានទប់ស្កាត់ជំងឺកូវីដ១៩បានជោគជ័យ។

សម្ដេចតេជោក៏បានជម្រាបជូន លោក វ៉ាង យី ពីដំណើរ ការនៃការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា ក៏ដូចជា ដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថា ការទប់ស្កាត់ជំងឺកូវីដ-១៩ គឺទទួលបានជោគជ័យ ប្រជាជនកម្ពុជា បានអនុវត្តតាមគោលការណ៍ របស់រាជរដ្ឋាភិបាល គោលការណ៍របស់ក្រសួងសុខា ភិបាល ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មានយន្តការច្បាស់លាស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។

សម្ដេចតេជោ ក៏មិនភ្លេចថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្ដល់ជំនួយដល់កម្ពុជា ការចុះហត្ថលេខា នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនេះពិតជាមានសារសំខាន់។ សម្ដេចតេជោក៏បានបញ្ជាក់ថា EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ តែកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនគឺនៅជារៀងរហូត៕

To Top