ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ការរៀបចំ​ឲ្យមាន មេធាវី នៅប្រចាំតាមប៉ុស្ដិ៍ និងអធិការស្រុក ដើម្បីជួយ ដោះស្រាយកូនក្ដីជារឿងល្អ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការរៀប ចំមេធាវី នៅតាមប៉ុស្ដិ៍ និងនៅតាមអធិការស្រុក គឺជារឿងល្អ ដើម្បីជួយសម្របសម្រួលប្រជាពលរដ្ឋ នៅ ពេលពលរដ្ឋមានបញ្ហាអ្វីមួយ អាចជួយដោះស្រាយបាន។

ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាគណៈមេធាវីនៃកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួង សម្ដេច ស ខេង មានប្រសាសន៍ថា «ខ្ញុំថា ការរៀបចំមេធាវីនៅតាមប៉ុស្ដិ៍ហ្នឹង ក៏បាន នេះក៏ជាការល្អ ហើយនៅតាមអធិការ (អធិការស្រុក)។កន្លងទៅ ខ្ញុំបានប្រគល់ភារៈកិច្ចជូន ឯកឧត្តម ប៊ុ ន ហុន ដើម្បីហ្នឹង សិក្សារៀបចំមេធាវី នៅតាមរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ព្រោះនៅហ្នឹងវាកើតបញ្ហា ច្រើនដែរ»។

សម្ដេច ក៏បានផ្ដាំផ្ញើដល់គណៈមេធាវី ត្រូវធ្វើយ៉ាងណាត្រូវមានមេធាវីឲ្យគ្រប់នៅប្រចាំ រាជធានី-ខេត្ត ដើម្បីជួយដោះស្រាយប្រជាពលរដ្ឋ។ជាងនេះទៅទៀត សម្ដេច ក៏បានអំពាវនាវឲ្យ ភាគីពាក់ព័ន្ធ ត្រូវត្រៀមខ្លួនជានិច្ច ក្នុងការជួយគណៈមេធាវីនៃកម្ពុជា ដើម្បីឲ្យការងារមានភាពរលូនទៅមុខទៀត។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាក្រសួងដែលធ្វើកិច្ចការ ពាក់ព័ន្ធនឹងច្បាប់ច្រើន ទាំងការកសាងច្បាប់ និងការអនុវត្តច្បាប់ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្ន ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ។ ដូច្នេះក្រសួង ក៏ទាមទារឲ្យមានអ្នកច្បាប់មកចូលរួមជួយច្រើន ក្នុងនោះ ក្រសួងក៏មានក្រុមប្រឹក្សានីតិកម្ម ដើម្បីធានាថា គ្រប់កិច្ចការគឺត្រូវតែអនុវត្តតាមច្បាប់ មិនមែនទៅតាម មាត់បុគ្គលនោះទេ។

ក្នុងឱកាសនោះដែរ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃកម្ពុជា បានឲ្យដឹងថា ការគាំទ្រ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច បានអនុញ្ញាតឲ្យមេធាវីអាចចូលជួបកូនក្ដីរបស់ខ្លួន នៅតាមប៉ុស្តិ៍ន គរបាល ដែលនេះចាត់ទុកជាការយកចិត្តទុកដាក់របស់សម្ដេច និងជាសមិទ្ធផលធំមួយ សម្រាប់គណៈ មេធាវី ហើយប្រធានគណៈមេធាវី ក៏បានសំណូមពរឲ្យមានការគាំទ្របន្តពីសម្ដេច ដើម្បីជំរុញឲ្យការ បំពេញវិជ្ជាជីវៈ របស់គណៈមេធាវីកាន់តែរឹងមាំ។

លោកប្រធានគណៈមេធាវី បានលើកឡើងថា ដោយសារតែការរីកចម្រើនរបស់សង្គមជាតិ បច្ចុប្បន្នចំនួនមេធាវីមានការកើនឡើង ដោយមេធាវីពេញសិទ្ធិមា ន ចំនួន១៧៥៦នាក់ កម្មសិក្សា ចំនួន៣៤៩នាក់  ហើយថែមទាំងមានការជំរុញ ឲ្យមានវត្តមានមេធាវី នៅតាមបណ្ដាខេត្តដាច់ស្រយាល ក្នុងន័យ ឆ្លើយតប និងបម្រើតម្រូវការសេវាកម្មផ្នែកច្បាប់ របស់ប្រជាពលរដ្ឋ នៅតាមតំបន់ទាំងនោះ៕

ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top