ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តដឹកនាំក្រុមការងារ បច្ចេកទេស របស់ក្រសួង ព្រឹកថ្ងៃពុធ ១២រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០នេះ ចុះពិនិត្យ និងបញ្ជាការងារអន្តរាគមន៍ នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបានកំពុងជន់លិច ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយ ការប៉ះពាល់ឲ្យបានជាអតិបរមា ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈម ។
ក្នុងដំណើរចុះអន្តរាគមន៍នេះ ក៏មានការចូលរួម ពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ ដើម្បីសហការបច្ចេកទេស ដោះស្រាយសម្រួល បន្តការធ្វើដំណើរ លើផ្លូវជាតិលេខ៣ , លេខ៤ និងផ្លូវលេខ ២០ A ។
បន្ទាប់ពីភ្លៀងខ្លាំងកាលពីយប់មិញ ក្នុងបរិមាណ ១៩៦,៧០ មីលីម៉ែត្រ(ស្ថានីយសាក់សំពៅ) បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ដល់កម្ពស់ទឹកនៅទ្វារទឹកខាងមុខមានកម្រិត ៦,៥២ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,៧២ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,២៥ម៉ែត្រ បណ្តាលឲ្យទឹកក្នុងស្ទឹងឡើងខ្ពស់ ហូរលើខ្នងទំនប់បែកវាល ទៅផ្នែកខាងក្រោម នៃសណ្តរចាស់ទំនប់ខាងត្បូង លើភូមិសាស្រ្តខេត្តកណ្តាល រួមមាន សង្កាត់ស្ពានថ្ម ទៀន រលួស គងនយ និងសង្កាត់ព្រែកកំពឹស និងបណ្តាឃុំមួយចំនួនទៀតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានឃុំដើមឫស អន្លង់រមៀត បារគូ កណ្តោក និងឃុំជើងកើប ។
តាំងពីយប់មក ក្រុមការងារបច្ចេកទេសក្រសួង បានចែកជា 02ក្រុម ដោយមួយក្រុមបន្តអន្តរាគមន៍ ទប់ទំនប់សណ្តរផ្នែកខាងត្បូងការពារទឹកហូរចោះបាក់ដាច់ទំនប់ចំមុខផ្ទះប្រជាជន និងមួយក្រុមទៀតបន្តអន្តរាគមន៍បិតរូងនាគ និងច្រកបាវខ្សាច់លើកម្ពស់ទំនប់ផ្នែកខាងជើង សណ្តរទំនប់ នៅសង្កាត់ព្រៃសរ សាក់សំពៅ ប្រទះឡាង និងទួលពង្រ ដើម្បីការពារទឹកជន់ហូរចូលរាជធានីភ្នំពេញ ៕















