ព័ត៌មានជាតិ

ផ្លូវនៅកម្ពុជា ខូចខាតដោយសារ ជំនន់ទឹកភ្លៀង មានជាង២៤៥គីឡូម៉ែត្រ ស្មើនឹង១៩៩កំណាត់

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា មានផ្លូវខូចខាត ដោយសារជំនន់ទឹកភ្លៀង មានជាង២៤៥គីឡូម៉ែត្រ ស្មើនឹង១៩៩កំណាត់។

ក្រោយបញ្ចប់ចុះត្រួតពិនិត្យ ស្ថានភាពផ្លូវដែលរងគ្រោះដោយជំនន់ទឹកភ្លៀងតាមបណ្ដោយ ផ្លូវជាតិលេ ខ៣ និងផ្លូវជាតិលេខ២០ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតមកដល់ថ្ងៃនេះ ផ្លូវដែលខូចខាតដោយសារជំនន់ទឹកភ្លៀង មានជាង២៤៥គីឡូម៉ែត្រ ក្នុងនោះ ផ្លូវ៥គីឡូម៉ែត្រ ប្រភេទផ្លូវAC ចំណែក ផ្លូវ១២០គីឡូម៉ែត្រ ប្រភេទផ្លូវBBST ដោយឡែក ផ្លូវ១២០គីឡូម៉ែត្រ ប្រភេទផ្លូវដីប្រហម។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ផ្លូវដែលខូចខាត ប៉ះពាល់ដោយទឹកជំនន់នេះ នៅទូទាំង១៣ខេត្ត ដែលប៉ះ ពាល់ គឺមាន៨៧ផ្លូវ គិតជាកំណាត់ ១៩៩កំណាត់។ផ្លូវខ្លះខូចកន្លះគីឡូ ផ្លូវខ្លះខូច២០០ម៉ែត្រ។ ដូច្នេះ ៨៧ផ្លូវនេះ មាន១៩៩កំណាត់ ហើយចម្ងាយផ្លូវហ្នឹង ប្រហែល២៤៥គីឡូម៉ែត្រ»។

លោកបន្ដថា មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត បាននិងកំពុងត្រៀមខ្លួនរួចស្រេច ដើម្បី ចុះពិនិត្យ និងវាយតម្លៃ ចំពោះផ្លូវដែលខូចខាត ដោយសារជំនន់ទឹកភ្លៀង។

សូមរំលឹកថា នាពេលថ្មីៗនេះ កម្ពុជាស្ថិតនៅក្នុងតំបន់សម្ពាធទាប បាននិងកំពុងបន្ដទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអាចនឹងវិវត្តប្រែប្រួលជាបន្ដបន្ទាប់ថែមទៀត។ ការប្រែប្រួលអាកាសធាតុនេះ បានបង្កឲ្យមានភ្លៀងធ្លាក់ជាច្រើនថ្ងៃស្ទើរគ្រប់ទីកន្លែង ក្នុងកម្រិតពីមធ្យមទៅច្រើន និងធ្វើឲ្យបណ្ដាល ខេត្តមួយចំនួន បន្ដទទួលរងនូវ ជំនន់ទឹកភ្លៀង ដែលធ្វើឲ្យប៉ះពាល់ខូចខាចដល់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កការលំបាកដល់ការដឹកជញ្ជូន និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕

ដោយ ៖ អេង ប៊ូឆេង

To Top