ព័ត៌មានជាតិ

កម្ពុជា សង្ឃឹមថា រុស្ស៊ីនឹងជំរុញ អ្នកវិនិយោគិនមកកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីសង្ឃឹមថា រុស្ស៊ីនឹងជំរុញអ្នកវិនិយោគិន មកពិនិត្យ មើលនូវកាលានុវត្តភាព ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជាថ្មី នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ បានកត់សម្គាល់ឃើញថា ទំហំពាណិ ជ្ជកម្មរវាង កម្ពុជា-រុស្ស៊ី នៅមានកម្រិតនៅឡើយ។

សម្តេច មានប្រសាសន៍ថា «សង្ឃឹមថា ឯកឧត្តម (ទូតរុស្ស៊ី ប្រចាំកម្ពុជា) នឹងជួយជំរុញពង្រីកទំនាក់ ទំនង និងសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើន និងជួយជំរុញអ្នកវិនិយោគិនរុស្ស៊ី មកពិនិត្យ មើលនូវកាលានុវត្តភាព ធ្វើវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត»។

ជាងនេះទៅទៀត ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានរួមចំណែ កជួយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក្នុងការស្តា និងកសាងប្រទេស តាមរយៈការផ្តល់ជំនួយ ក្នុងរូបភាពនានាស្ទើរគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍធនធានមនុស្សតាមរយៈ ការផ្តល់អាហារូប ករណ៍សម្រាប់និស្សិត និងមន្រ្តីរាជការកម្ពុជា។

ឆ្លៀតឱកាសនោះដែរ លោក Anatoly BOROVIK បានលើកឡើងថា បើទោះបីជាមានការរាត ត្បាតនៃជំងឺកូវីដ១៩ក្តី លោក បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ជាពិសេស ទំនាក់ទំនង់រវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

លោកបន្ដថា នៅពេលដែលជំងឺកូវីដ១៩ត្រូវបានបញ្ចប់ លោកស្រី ប្រធានក្រុមប្រឹក្សារុស្ស៊ី នឹងអាចអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលវេលាសមស្របណាមួយ៕

ដោយ ៖ អេង ប៊ូឆេង

To Top