ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមកង់មនុស្សធម៌ ប្រមូលថវិកា ជិត៣ម៉ឺនដុល្លារ ឧបត្ថម្ភ ដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមប្រធានក្រុមកង់ មនុស្សធម៌ ខេត្តព្រះសីហនុ បានរៀបចំកម្មវីធី ជិះកង់មនុស្សធម៌ ប្រមូលថវិកា បានចំនួន ២៩ ៩១៥ដុល្លារ ដើម្បីឧបត្ថម្ភ ក្នុងការ ជួយទ្រទ្រង់ ដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កម្មវិធីជិះកង់មនុស្សធម៌នេះ ធ្វើឡើងក្រោមពាក្យស្លោក សៀមរាបផ្ទះខ្ញុំ នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២០នេះ ក្នុងបំណងជួយ ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាបខេត្តសៀមរាប ដើម្បីខាងមន្ទីរពេទ្យ ប្រើប្រាស់ប្រតិបត្តិការ ផ្នែកមនុស្សធម៌ ពិនិត្យ ថែទាំសុខភាព និងព្យាបាលជំងឺ ជូនកុមារកម្ពុជា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។

ក្នុងឱកាសប្រគល់ជូនថវិកា ជូនមន្ទីរពេទ្យកុមារអង្គរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ លោកទៀ សុខា លោកឧកញ៉ា ទៀ វិចិត្រ រួមនិងសប្បុរសជនទាំងអស់ ដែលបានខិតខំ រៃអង្គាសថវិកា ពីការជិះកង់មនុស្សធម៍នេះ ជាបន្តបន្ទាប់កន្លងមក។

សូមជម្រាបថា កម្មវិធីជិះកង់ ដើម្បីប្រមូលមូលនិធិ ជួយដល់មន្ទីរពេទ្យកុមារអង្គរ លើកនេះ មានការចូលរួម ពីក្រុមជិះកង់ចំនួន ៦រួមមាន ក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ ក្រុមកង់ភ្នំអារ៉ែង និង ក្រុមហ៊ុនG.T.V.C។ 

នាយកគ្រប់គ្រង នឹងបុគ្គលិករបស់មន្ទីពេទ្យ កុមារអង្គរ ក៏បានថ្លៃងអំណរអរគុណ យ៉ាងជ្រោលជ្រៅ សម្រាប់ទឹកចិត្តមនុស្សធម៌ និងការចែករំលែក ព្រមទាំងផ្ដល់នូវស្នាមញញឹមសម្រាប់កុមារកម្ពុជា ដែលបានមកព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាបនេះ៕

To Top