ព័ត៌មានជាតិ

កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ខ្លាំងពីថ្ងៃ១៧ ដល់២១ តុលា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយ លើកម្ពុជាកាន់តែ បង្កើនឥទ្ធិពលជាលំដាប់ដែលធ្វើឲ្យ កម្ពុជានឹងមានភ្លៀងកាន់តែខ្លាំងចាប់ពីថ្ងៃ១៧ដល់២១តុលា។

ចំណែកវិសម្ពាធដែលបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលក្រសួងបានជូនដំណឹងថានឹងក្លាយទៅជាព្យុះទី ១៧ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នោះ ពេលនេះវាស្ថិតនៅត្រឹមកម្រិតជាវិសម្ពាធដដែល ដោយមានល្បឿនខ្យល់អតិបរមា ១៥ ម៉ែត្រក្នុងមួយវិនាទី ដែលទាបជាងល្បឿនរបស់ព្យុះ (Tropical Storm) តែ ២ ម៉ែត្រក្នុងមួយវិនាទីតែប៉ុណ្ណោះ។

វិសម្ពាធនេះនឹងធ្វើដំណើរឆ្ពោះចូលមកលើភាគកណ្តាលវៀតណាមនៅថ្ងៃ១៧ ខែតុលា ឆ្នាំ ២០២០ ។ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ នៅតាមបណ្តាខេត្តភាគពាយ័ព្យបណ្តាខេត្តនៅភូមិសាស្ត្រជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ខ្លាំងជាប់បន្ត ។

ចំណែកនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រ មានភ្លៀងលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ ។

យោងលើស្ថានភាពអាកាសធាតុនេះ ក្រសួងស្នើស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសប្រជាពលរដ្ឋនៅតំបន់ ខាងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top