ព័ត៌មានជាតិ

ចាប់ពីម៉ោង១២យប់ ថ្ងៃទី២០ តុលា តទៅ ក្រសួងសាធារណការ នឹងអនុញ្ញាតឲ្យរថយន្ដធុនធ្ងន់ ធ្វើដំណើរតាម ផ្លូវជាតិលេខ៤ឡើងវិញ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ចាប់ពី ម៉ោង១២យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០តទៅ ក្រសួងនឹងអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ធ្វើដំណើរឆ្លង កាត់កំណាត់ផ្លូវជាតិ លេខ៤ឡើងវិញ ក្រោយពីផ្អាកធ្វើដំណើរមួយរយៈដោយសារ ជំនន់ទឹកភ្លៀង។

ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវជាតិ លេខ៥៦ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកថ្ម ពួក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានប្រាប់ក្រុ មអ្នកសារព័ត៌មានថា «យប់នេះ ខ្ញុំសូមជម្រាបថា ផ្លូវជាតិលេខ៤ ហើយផ្លូវជាតិលេខ៣យើងទុកសិន។ ហើយផ្លូវជាតិលេខ៤ នៅម៉ោង១២យប់នេះ យើងនឹងបើកឲ្យមានការចរាចរណ៍ឡើងវិញ ដោយសារទឹក ទំនិញមកពីកំពង់ផែមកភ្នំពេញ»។

លោកបន្ដថា ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៥ ត្រូវបន្ដផ្អាកធ្វើដំណើរ ដូច្នេះ ប្រជាពលរដ្ឋដឹកទំនិញ មកពីប៉ោយប៉ែត ត្រូវប្រើប្រាស់ផ្លូវជាតិលេខ៦។

ឆ្លៀតឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងថា «គិតត្រឹមថ្ងៃទី១៧ តុលា មានផ្លូវ១២៣ខ្សែរ ៣០៨កំណាត់ ហើយខូចខាតប្រហែ លជា៤០០គីឡូម៉ែត្រ ក្នុងនោះ ដីក្រហមប្រហែលជា១៤០គីឡូម៉ែត្រ ក្រៅពីហ្នឹង ប្រភេទផ្លូវ AC និងBBST»។

លោកបន្ដថា បច្ចុប្បន្នមន្ទីរសាធារណការ រាជធានី-ខេត្ត បានបន្ដទប់ស្កាត់កុំឲ្យទឹកហូរកាត់ផ្លូវ ជាពិសេ ស ផ្លូវណាលិចទឹកខ្លាំង ផ្អាករថយន្ដធ្វើដំណើរ ដើម្បីទប់ស្កាត់កុំឲ្យខូចខាតផ្លូវ និងទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ ជាដើម។

បន្ថែមពីនេះទៀត លោកអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស ម្ចាស់យាន យន្តដឹកជញ្ជូនធំៗ ត្រូវផ្អាកការធ្វើដំណើរទៅផ្លូវ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដើម្បី ចូលរួមចំណែក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាកុំឲ្យមានផល ប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ដែលកំពុងទទួលរងផលប៉ះពាល់ស្រាប់។

លោកបញ្ជាក់ថា ក្រោយពេលជំនន់ទឹកភ្លៀងបានស្រកអស់ ក្រសួងសាធារណការ នឹងធ្វើការវាយតម្លៃ ដើម្បី ស្នើសុំកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល យកមកជួសជុលផ្លូវដែលខូចខាត ដោយសារជំនន់ទឹកភ្លៀង៕ ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top