ព័ត៌មានជាតិ

កម្ពុជា កំពុងពង្រឹងវិស័យ កសិកម្ម-កសិឧស្សាហកម្ម ក្នុងពេលវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឲ្យដឹងថា នៅពេលដែលវិបត្តិ កូវីដ-១៩ កំពុងឆ្លងរាតត្បាត លើពិភពលោកធ្វើឲ្យប៉ះពាល់ ដល់វិស័យមួយ ចំនួនប៉ុន្ដែវិស័យកសិកម្ម- កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ ចម្បងបំផុត ក្នុងការពង្រឹង សេដ្ឋកិច្ចកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ «នៅក្នុងពេលដែលវិបត្តិកូវីដ-១៩ កំពុងឆ្លងរាតត្បាតពិភពលោក គឺបានធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួនរងផលប៉ះពាល់ ។ ក៏ប៉ុន្តែចំពោះវិស័យកសិកម្ម- កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុត ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា» ។

សម្ដេចតេជោ បន្ដថា «ពិតណាស់ គឺយើងត្រូវប្រែក្លាយ វិបត្តិនៃជំងឺកូវីដ-១៩ ឲ្យទៅជាឱកាស នៃការវិនិយោគ ក៏ដូចជាការអភិវឌ្ឍវិស័យកសិឧស្សាហកម្មបន្ថែមទៀត ដើម្បីគោលដៅអភិវឌ្ឍនិងភាពរីកចម្រើន នាពេលអនាគតខាងមុខ របស់ប្រទេសកម្ពុជា» ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២៨៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន២៨០នាក់ និងកំពុងសំរាកនៅមន្ទីរពេទ្យ៣នាក់ ៕

To Top