ព័ត៌មានជាតិ

ប្រធានរដ្ឋសភា កូរ៉េខាងត្បូង នឹងអញ្ជើញមកបំពេញ ទស្សនកិច្ច នៅកម្ពុជានាដើម ខែវិច្ឆិកាខាងមុខ

ភ្នំពេញ ៖ ប្រធានរដ្ឋសភា នៃសាធារណៈរដ្ឋកូរ៉េ នឹងអញ្ជើញធ្វើដំណើរមកបំពេញ ទស្សនកិច្ចនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២០ ខណៈទស្សនកិច្ចនេះ នឹងពង្រឹងពង្រឹង វិស័យ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ រីកចម្រើនជាលំដាប់ ។ នេះបើតាមការបញ្ជាក់ថា ពីលោក ប៉ាក់ ហឿងឃ្យុង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មី ប្រចំាកម្ពុជា ។

ក្នុងជំនួបជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នាព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០លោក ប៉ាក់ ហឿងឃ្យុង (H.E. Mr. Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ច របស់ លោកប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះ រាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ក្នុងការពង្រឹងពង្រីក បង្កើនកិច្ចសហ ប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរ ឲ្យកាន់រឹងមាំឡើង ។

ចំណែកសម្តេចហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា ហើយរដ្ឋសភាកម្ពុជាត្រៀមស្វាគមន៍ ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឱ្យបានល្អ ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវ ឧត្តមប្រយោជន៍ សម្រាប់ ប្រជាជនទាំងសងខាង និងបានស្វាគមន៍ចំពោះបេសកកម្មរបស់ លោកទូតនៅកម្ពុជា។

សម្តេចបានលើកឡើងថា សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួ យ៉ាងសំខាន់ក្នុង ការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។
ជាមួយគ្នានោះដែរ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរ ទៅធ្វើការងារនៅកូរ៉េទៀត។

ចំណែកលោក ប៉ាក់ ហឿងឃ្យុង បានគំាទ្រប្រសាសន៍លើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានជម្រាបសម្តេច អំពីការរីកចម្រើនខាងផ្នែកនយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទំាងពីរ នៅក្នុងរយៈពេលចុ ងក្រោយនេះ មានការរីកចម្រើនខ្លំាងគួរឲ្យកកត់សម្គាល់។

ទំហំពាណិជ្ចកម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ ១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េ នៅកម្ពុជា មានជាង៥ពាន់លានដុល្លារ ដែលនាំកូរ៉េ ក្លាយជាប្រទេសទី២ក្នុងការវិនិយោគនៅកម្ពុជា។ ចំណែកពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ៤ម៉ឺននាក់។

ឯកអគ្គរដ្ឋទូតបានជម្រាប សម្តេចប្រធានរដ្ឋសភាថា នៅឆ្នាំខាងមុខសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជំនួយដល់កម្ពុជាបន្ថែម ខាងផ្នែកដោះមីន ហើយនិមិត្តរូប នៃទំនាក់ទំនងប្រទេសទំាងពីរមួយ អាចលេចជារូបរាងដែរ គឺជំនួយសាងសង់ស្ពានមិត្ត ភាពកម្ពុជាកូរ៉េ ឆ្លងកាត់ទន្លេមេគង្គនោះ ៕ ស.សំណាង

To Top