ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី នៃកម្ពុជា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួង រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់ គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណី ដែលត្រូវអនុវត្តតាមវិធាន នៃច្បាប់អន្ដរជាតិដែល ព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខីទោះបីជាជន នោះបានចូលមកតាំងលំនៅ មុនពេលដែលលច្បាប់ នេះចូលជាធរមានហើយក៏ដោយ ៕

To Top