ព័ត៌មានជាតិ

ក្រសួងធនធានទឹក ប្រកាសថា ទឹកទន្លេមេគង្គ នៅភាគខាងលើ បន្តឡើងជាលំដាប់ ដូច្នេះប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ភ្ជាប់នឹងវិសម្ពាធ ដែលបាននិងកំពុង បន្តអូសបន្លាយពីលើ ហើយកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានរៀបរាប់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ ទៅ ៦ ថ្ងៃខាងមុខ ក្នុងនោះ ៖

  • នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់ ៩,៥០ ម៉ែត្រ ។
  • នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០,០០ ម៉ែត្រ ។
  • នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤,១០ ម៉ែត្រ ។

សូមជម្រាបថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ ។

ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។

ជាមួយគ្នានេះ ចំពោះបណ្តាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និងតំបន់ទំនាប៕

To Top