ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្ដេចម៉ែ ត្រាស់បង្គាប់មន្រ្តីរាជវាំង នាំយកព្រះរាជ អំណោយ ចែកជូនប្រជារាស្រ្ត រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៦៧៤គ្រួសារ នៅស្រុកមង្គលបូរី

ភ្នំពេញ ៖ ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមានតាម បណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជានុរាស្រ្ត នាវេលាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយក ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះទឹកជំនន់ ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៦៧៤គ្រួសារ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

តាមរយៈហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី២០ តុលា នេះ បានឲ្យដឹងថា ក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ៥០គីឡូ ,មី ១កេស ,ឃីត១កញ្ចប់ (មុង១ ក្រមា១ សារុង១ ភួយ ១) ត្រីខ១០កំប៉ុង ,កៅស៊ូតង់ ចំនួន១ ,សាប៊ូដុំចំនួន៥ដុំ ,អាវយឺតស្លាកព្រះរាជអំណោយ១ និងថរិកា ៤០ម៉ឺនរៀល៕

To Top