ព័ត៌មានជាតិ

វិភាគ ៖ ចិនទំនងជាក្តៅ ស្លឹកត្រចៀកជាថ្មី ក្នុងសមយុទ្ធយោធា បក្សសម្ព័ន្ធចតុភាគី នៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅខែក្រោយ

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ Nikkei Asia បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែតុលានេះថាក្រុម ប្រទេសក្នុងបក្ស សម្ព័ន្ធចតុភាគី មានសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលី បានប្រកាសពីគម្រោងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាធំ នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងគោលដៅទប់ទល់ជាមួយ ឥទ្ធិពលរបស់ប្រទេសចិន ដែលកំពុងកើនឡើងខ្លាំងក្នុងតំបន់ ។

សេចក្តីប្រកាសនោះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ក្នុងការធ្វើសមយុទ្ធយោធារួមគ្នានោះទេ ដោយគ្រាន់តែបង្ហាញថា សមយុទ្ធយោធារួមគ្នានេះ នឹងអាចប្រព្រឹត្ត ទៅនៅខែវិច្ឆិកា និងត្រូវបានធ្វើឡើងនៅសមុទ្រអារ៉ាប់ និងឈូងសមុទ្រ បេងហ្គាល់ ដែលជាចំណុចក្តៅសម្រាប់ការប្រកួតប្រជែង ក្រោមយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក ។
សមយុទ្ធយោធារួមគ្នា រវាងកងទ័ពជើងទឹក របស់បក្សសម្ព័ន្ធចតុភាគី នៅខែក្រោយនេះ នឹងមានទំហំធំជាងសមយុទ្ធមុនៗ ដោយលើកមុនៗ ដោយក្រសួង ការពារជាតិ របស់ប្រទេសអូស្ត្រាលី និងឥណ្ឌា បានប្រកាសរួចហើយអំពីការពង្រីកសមយុទ្ធរួមគ្នានេះ ដែលប្រទេសទាំង៤ ជាសមាជិកបានរំពឹងទុកជាយូរមកហើយ អំពីការពង្រឹកសមយុទ្ធនេះ ។

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានព្យាយាមបង្កើនឥទ្ធិពលយ៉ាងខ្លាំង នៅប្រទេសប្រទេសមួយចំនួនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានសហភាពមីយ៉ានម៉ា ប្រទេសស្រីលង្កា ប៉ាគីស្ថាន និងប្រទេសបង់ក្លាដែស ដែលជាទិន្នាការបំផុសឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ប្រទេសឥណ្ឌា ដែលជាគូប្រជែងឥទ្ធិពលជាមួយចិន ។

សូមបញ្ជាក់ជូនថា សមយុទ្ធបក្សសម្ព័ន្ធចតុភាគី គឺជាការធ្វើសមយុទ្ធជើងទឹករួមគ្នារវាងប្រទេសជាដៃគូយុទ្ធសាស្ត្រ ចំនួន៤ប្រទេស រួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងប្រទេសអូស្ត្រាលី ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អូស្ត្រាលីហាក់ដូចជាមានបញ្ហារកាំរកូសខ្លាំង ជាមួយនឹងប្រទេសចិន ជាពិសេសបញ្ហាពាណិជ្ជកម្មជាមួយចិន ។
សមយុទ្ធយោធា របស់បក្សសម្ព័ន្ធទាំង៤ប្រទេសនេះ ត្រូវបានដាក់ឈ្មោះថា Exercise Malabar ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ១៩៩២កន្លងមកម្លេះ ក្នុងគោលដៅទប់ទល់ ជាមួយឥទ្ធិពលយោធារបស់ប្រទេសចិន នៅក្នុងតមបន់ ប៉ុន្តែកាលពីដំបូង សមយុទ្ធយោធានេះត្រូវបានធ្វើឡើង តែសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌាប៉ុណ្ណោះ និងធ្វើរាល់ឆ្នាំ ។

ក្រោយមកទៀត កាលពីក្នុងឆ្នាំ២០១៥ ប្រទេសជប៉ុនបានក្លាយជាសមាជិកថ្មី និងជាដៃគូយុទ្ធសាស្ត្រអចិន្ត្រៃយ៍ មួយប្រទេសបន្ថែមទៀត ខណៈដែលប្រទេសដែលបានចូលរួម នៅក្នុងបក្សសម្ព័ន្ធចតុភាគីនេះមិនអចិន្ត្រៃយ៍ គឺមានប្រទេសអូស្ត្រាលី និងសិង្ហបុរី ដោយប្រទេសទាំងពីរក្រោយចនេះ មិនសូវមានសកម្មភាពចូលផុលផុស ក្នុងសមយុទ្ធប្រចាំឆ្នាំទេ ។

សមយុទ្ធបក្ស សម្ព័ន្ធចតុភាគី Malabar ដែលត្រូវបានផ្តើមសកម្មភាពតាំងពីឆ្នាំ១៩៩២ នេះ ជាទូទៅសកម្មភាពសមយុទ្ធយោធាចម្រុះទាំង៤ ប្រទេសនេះ គឺមានចាប់ពីប្រតិបត្តិការ ប្រយុទ្ធចេញពីនាវាដឹកយន្តហោះចម្បាំងតាមរយៈលំហាត់រួមគ្នានៃប្រតិបត្តិការដែនសមុទ្រ នាវាចម្បាំង នាវាមុជទឹក និងសកម្មភាពយោធា ក្នុងសមរភូមិផ្សេងទៀត ។

សមយុទ្ធយោធាលើកមុនៗ របស់បក្សសម្ព័ន្ធចតុភាគីនេះ ត្រូវបានរៀបចំធ្វើឡើងនៅមហាសមុទ្រឥណ្ឌា ក៏ដូចជានៅឯឆ្នេរសមុទ្រជប៉ុន ឬនៅតំបន់ជុំវិញដែនដីកោះប៉ាស៊ីហ្វិក ដែលគ្រប់គ្រងដោយអាមេរិក មាននៅក្បែរកោះ ហ្កាម (Guam) ជាដើម ប៉ុន្តែនៅឆ្នាំ២០២០នេះ សមយុទ្ធយោធារូមគ្នា អាចនឹងត្រូវផ្លាស់ប្តូរទិតាំង ។
ទាក់ទងរឿងនេះដែរ ការចូលរួមរបស់ប្រទេស អូស្ត្រាលីនៅឆ្នាំនេះ ទំនងជាមានន័យថាសមាជិកទាំងបួននៃប្រទេសក្នុងបក្សសម្ព័ន្ធចតុភាគី ឬដែលគេហៅថា សមយុទ្ធរួមគ្នា Malabar នឹងពួតដៃគ្នាចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹក ជាលើកដំបូងហើយចាប់តាំងពីឆ្នាំ២០០៧កន្លងមក ដែលកាលពីឆ្នាំ ២០០៧ កងទ័ពជើងទឹកអូស្ត្រាលី ធ្លាប់បានចូលរួមធ្វើសមយុទ្ធ ក្នុងបក្សសម្ព័ន្ធចតុភាគីម្តងដែរ ហើយវត្តមាន របស់អូស្ត្រាលីកាលណោះ បានបញ្ឆេះកំហឹងចិនជាខ្លាំង និងក៏បានធ្វើឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរធ្លាក់ដុនដាបខ្លាំង ម្តងរួចមកហើយដែរ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសចិន ខឹងសប្បារហូតដល់ក្តៅស្លឹកត្រចៀក ដោយសារតែសមយុទ្ធយោធារួមគ្នា របស់បក្សសម្ព័ន្ធចតុភាគី Malabar នេះ គឺដោយសារចិន បានចាត់ទុកថា ជាសមយុទ្ធយោធាមាន គោលដៅគម្រាមកំហែងដល់សន្តិសុខចិន ជាពិសេសគឺសន្តិសុខក្នុងដែនទឹក ដែលជាតំបន់នៅក្បែរ ខាងរបស់ប្រទេសចិន ។
ដូចដឹងស្រាប់ហើយថា អូស្ត្រាលីនាពេលប៉ុន្មានខែថ្មីៗនេះ កំពុងជួបភាពតានតឹងខ្លាំងជាមួយចិនដោយសាររឿងដោះដូរពាណិជ្ជកម្ម ហើយកងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរនៅហិម៉ាល័យ កាលពីខែមិថុនាកន្លងទៅ ដែលបណ្តាលអោយកងទ័ពប្រទេសទាំងពីររាប់សិបនាក់ បានបាត់បង់ជីវិត ។
រីឯប្រទេសជប៉ុន និង ចិនវិញ ក៏កំពុងមានជម្លោះដណ្តើមយកប្រជុំកោះ សេនកាគុ ឈ្មោះខាងជប៉ុន ឬ ទាវយូ ឈ្មោះខាងចិន ដោយប្រទេសចិន បានបង្កើនវត្តមាន នាវាចម្បាំងយាមល្បាត របស់ខ្លួននៅទីនោះ ហើយទន្ទឹមនឹងនេះដែរ អាមេរិក បានបង្កើនបេសកកម្មកងទ័ពជើងទឹក និងអាកាសរបស់ខ្លួននៅក្នុងតំបន់សមុទ្រចិន ខាងត្បូងដែលធ្វើឲ្យចិនខឹងសម្បា ។

តែទោះជាបែបនេះក្តី អ្នកវិភាគជាច្រើនយល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងបក្ស សម្ព័ន្ធចតុភាគី អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន ដែលនៅពេលមានការធ្វើសមយុទ្ធរួមគ្នា រវាងកងទ័ពជើងទឹកនៃប្រទេសដៃគូយុទ្ធសាស្ត្រទាំង៤ម្តងៗ ចិនមានចិត្តព្រួយបារម្ភជាលំដាប់ ៕
ដោយ ៖ អ៊ី ជិន

To Top