ព័ត៌មានជាតិ

សមាគមមីក្រូហរិញ្ញវត្ថុ ព្រមទទួលយកសំណើ របស់សម្ដេចតេជោ ក្នុងការអាធ្យាស្រ័យ ចំពោះពលរដ្ឋទទួលរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា សមាគមមីក្រូហរិញ្ញវត្ថុ ព្រមទទួលយកសំណើ របស់សម្ដេច ក្នុងការអាធ្យាស្រ័យជាមួយ ប្រជាពលរដ្ឋដែលទទួលរងផល ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានរំ លឹកថា កាលពីម្សិលមិញ សម្ដេច បានធ្វើការអំពាវនាវដល់ ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ទាំងអស់ មេត្តាយោគយល់ដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង ជាពិសេស ត្រូវបន្ធូរបន្ថយនូវពេលវេលានៃការសងប្រាក់ ពន្យារពេលនៃការសងប្រាក់ ឬអាចការបន្ថយ អត្រាការប្រាក់ជូនពួកគាត់។ជាកិច្ចឆ្លើយត បសមាគម គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ មានយោគយល់ និងសហការជាមួយរាជរដ្ឋាភិបាល។

សម្ដេចតេជោ មានប្រសាសន៍ថា «សមាគមមីក្រូហរិញ្ញវត្ថុគេ បានទទួលយកនូវការពេញចិត្តដើម្បីធ្វើកា រអធ្យាស្រ័យជាមួយអ្នករងផលប៉ះពាល់ដោយទឹកជំនន់។អីចឹងបានសេចក្ដីថា បន្ទាប់ពីការថ្លែងការណ៍ របស់នាយករដ្ឋមន្ដ្រី នៅខេត្តបន្ទាយមានជ័យ គឺសមាគមមីក្រូហរិញ្ញវត្ថុទទួលយក»។

សម្ដេចតេជោ បន្ដថា បញ្ហាខាងលើនេះជាកាយវិការដ៏ត្រឹមត្រូវក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល។
សម្ដេចរំលឹកថា នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានរៀបចំឥណទានឡើងវិញ មានប្រជាពលរដ្ឋ ជាង២៦ម៉ឺនគ្រួសារ ក្នុងទំហំទឹកប្រាក់ ជិត២ពាន់លានដុល្លារ ដើម្បីជួយសម្រួលប្រជាពលរដ្ឋ ដែលទទួលរងប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

សម្ដេចតេជោ បន្ថែមថា រហូតមកដល់ពេលនេះមិនមាន មីក្រូហរិញ្ញវត្ថុ រឹបអូសប្រជាពលរដ្ឋឡើយ ដែលប្រជាពលរដ្ឋបាត់បង់ក្នុងការងារធ្វើ នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩។
សម្ដេច ក៏បានអរគុណចំពោះ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត ដែលបានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈកម្ពុជា បច្ចុប្បន្នគឺជំងឺនាំចូលប៉ុណ្ណោះ និងគ្មានអ្នកស្លាប់ផងដែរ៕ដោយ៖អេង ប៊ូ ឆេង

To Top