ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ឲ្យកម្លាំងទាំង ១៤ខណ្ឌ ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានម៉ឺងម៉ាត់ នៅថ្ងៃ២៣ តុលា

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជា ឱ្យខណ្ឌទំាង១៤ បង្កើនការការពារ ឱ្យបានម៉ឺងម៉ាត់ សម្រាប់ថ្ងៃទី២៣ ខែតុលាស្អែកនេះ ដើម្បីធានាបានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យកម្លំាងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ខណ្ឌទាំង១៤ ដាក់កម្លំាងល្បាត ប្រចាំការនៅទីតំាងសំខាន់ៗ ដើម្បីទប់ស្កាត់ការប្រមូលផ្តុំ ខុសច្បាប់គ្រប់រូបភាព ក្នុងគោលដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ការបង្កើនកិច្ចគាំពារសង្គមនេះ ធ្វើឡើងដោយសារតែក្រុម ឧទ្ទាមក្រៅច្បាប់ និងអង្គការសង្គមស៊ីវិល មួយចំនួនបានត្រៀមផែនការ ប្រមូលផ្តុំកម្លំាង ដោយខុសច្បាប់នៅថ្ងៃទី២៣ ខែតុលា ដែលជាខួប២៩ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងបារីស ដើម្បីប្រឆំាងតវ៉ា នៅគោលដៅមួយ ចំនួន ក្នុងរាជធានីភ្នំពេញ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ផែនការប្រមូលផ្តុំ របស់ក្រុមអមិត្តនេះ គឺជាសកម្មភាពផ្ទុយនឹង ច្បាប់ ដែលកម្លំាង សមត្ថកិច្ច មិនអាចមើលស្រាលបានឡើយ ពោលគឺត្រូវតែទប់ស្កាត់ ឲ្យខាងតែបាន ដើម្បីធានាសុវត្ថិភាពសង្គម នឹងមិនឱ្យក្រុមណាមួយ មកបំផ្លាញសេចក្តីសុខ របស់ប្រជាពលរដ្ឋឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលាម្សិលម៉ិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានព្រមានឱ្យប្រយ័ត្នខ្លួន ចំពោះអ្នកដែលចង់មក ធ្វើបាតុកម្មនៅមុខ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៣ខែតុលានេះ ខណៈការប្រមូលផ្តុំធ្វើបាតុកម្មនេះ ជាសកម្មភាពខុសច្បាប់។

សម្តេចតេជោបានបញ្ជាក់ថា «ខ្ញុំសូមផ្តាំអ្នកដែលចង់ធ្វើបាតុកម្ម នៅមុខស្ថានទូតចិន នៅទីក្រុងភ្នំពេញ ប្រយ័ត្នប្រយែង គេកំពុងទឹកលិច កុំមករញ៉េរញ៉ៃ មុខសញ្ញាអ្នកឯងគេគ្រប់គ្រងបានហើយ»៕

To Top