ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រី បន្តប្រែក្លាយតំបន់សមរភូមិ-ព្រំដែន ឲ្យទៅជាតំបន់អភិវឌ្ឍ និងសហប្រតិបត្តិការល្អ ជាមួយ ប្រទេសជិតខាង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្តេជ្ញាចិត្តបន្តប្រែក្លាយតំបន់សមរភូមិ និងព្រំ ដែនឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ មិត្តភាព និងសហប្រតិបត្តិការល្អជាមួយ ប្រទេសជិតខាង ខណៈកម្ពុជាសព្វថ្ងៃមានសុខសន្ដិភាព និងការអភិវឌ្ឍ។

ក្នុងពិធីចុះសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ជាង១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោបានរំលឹកថា ក្រោយបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៨ ជាមួយនិងនយោបាយឈ្នះឈ្នះ បានដាក់ចេញគោលនយោបាយធំៗ២។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំដាក់ចេញគោលដៅធំ២ គេហៅថា ទីមួយ ប្រែក្លាយអតីតសមរភូមិទាំងអស់ឲ្យទៅជាទីផ្សារ និងជាតំបន់អភិវឌ្ឍន៍។ ចឹងតំបន់វាយគ្នាទាំងអស់យើងកំពុងអភិវឌ្ឍនៅសល់តិចតួចណាស់ដែល យើងមិនទាន់អភិវឌ្ឍន៍ដោយសារកន្លែងនោះវានៅសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ»។

សម្ដេចតេជោរៀបរាប់ថា សព្វថ្ងៃតំបន់ដែលធ្លាប់វាយគ្នា ធ្លាប់រត់លូន ឥឡូវមានការអភិវឌ្ឍ ដូច្នេះ តាមរយៈ នយោបាយឈ្នះ-ឈ្នះ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ជាតំបន់អភិវឌ្ឍន៍។ ជាពិសេស ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

សម្ដេចតេជោបន្ថែមថា «ដូច្នេះបានជាយើងជាមួយប្រទេសថៃ យើងជាមួយប្រទេសវៀតណាម ជាមួយ ប្រទេសឡាវ រកស៊ីជាមួយគ្នា ទំហំពាណិជ្ជកម្មជាមួយ។យើងនិងថៃប្រមាណជា៧ពាន់លានដុល្លារ ។ ទំហំ ពាណិជ្ជកម្មជាមួយយើងនិងវៀតណាម ប្រមាណជា៥ពាន់លានដុល្លារ ។បើទោះបីមានជំងឺកូវីដ-១៩ក៏ដោយ ការឆ្លងកាត់ទៅមកជួបគ្នាមានការលំបាកក៏ប៉ុន្តែចរាចរណ៍ទំនិញនៅធម្មតា»។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសំណូមពរពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសការពារការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជា ជំងឺអាសន្នរោគផ្សេងៗដែលអាចកើតមានឡើង នៅពេលជំនន់ទឹកភ្លៀង និងក្រោយពេលទឹកស្រកដោយ ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ៕ ដោយ អេង ប៊ូឆេង

To Top