នយោបាយ

កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីអនុម័តលើ សេចក្តីព្រាងច្បាប់ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន សម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៩”។

ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៩គឺសេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថា នៅបន្តរក្សាកំណើន រឹងមាំក្នុងរង្វង់ ៧,១% ក្នុងឆ្នាំ២០១៩ ដែលគាំទ្រ ដោយកំណើនខ្ពស់លើសពីការរំពឹងទុក នៃអនុវិស័យសំណង់ កំណើនល្អប្រសើរ នៃអនុវិស័យអចលនទ្រព្យ លក់ដុំ លក់រាយ និងអនុវិស័យដឹកជញ្ជូន និងទូរគមនាគន៍ ខណៈដែលអនុវិស័យកាត់ដេរ មានកំណើនថមថយ ហើយវិស័យកម្ម មានកំណើនអវិជ្ជមាន (-០,៥%) ។ ឈរលើមូលដ្ឋាននេះ ផ.ស.ស. ថ្លៃបច្ចប្បន្នសម្រាប់ឆ្នាំ២០១៩ សម្រេចបានចំនួន ១១០ ០១៤ ប៊ីលានរៀល ហើយ ផ.ស.ស. សម្រាប់មនុស្សម្នាក់ៗបានកើនឡើងជាបន្តបន្ទាប់ពី ១ ៥៦៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ ១ ៧០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ។ ទន្ទឹមនឹងនេះ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ បានថយចុះពី ២,៥% ក្នុងឆ្នាំ២០១៨ មកត្រឹម ១,៨% ក្នុងឆ្នាំ២០១៩ ស្របពេលដែលអត្រាប្ដូរប្រាក់ស្ថិតក្នុងរង្វង់ដែលអាចគ្រប់គ្រងបានក្នុងកម្រិត ៤ ០៥៥ រៀល ក្នុងមួយដុល្លារអាមេរិក ។

លទ្ធផល នៃការអនុវត្តថវិកាឆ្នាំ២០១៩ គឺចំណូលថវិការដ្ឋ (ថវិកាថា្នក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) ឆ្នាំ២០១៩ អនុវត្តបានចំនួន ៣៤ ៥៤៣ ៩០៦,១ លានរៀល ស្មើរនឹង ៣១,៤០% នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ២៣,១% ដោយក្នុងនោះចំណូលក្នុងប្រទេស អនុវត្តបានចំនួន ២៧ ៩១៦ ៥៥០,៨ លានរៀល ស្មើនឹង ២៥,៣៨% នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៣០,៨% និងចំណូលមូលធនក្រៅប្រទេស អនុវត្តបានចំនួន ៥ ៤៧៥ ៦៧៣,៨ លានរៀល ស្មើនឹង ៤,៩៨% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ១,៨%។

នៅក្នុងឆ្នាំ២០១៩ ចំណាយថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ២៨ ៦៧៦ ៦៣៩,៤ លានរៀល ស្មើនឹង ២៦,០៧% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ១,៤% ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ១៨ ៧៦៩ ៤១៤,៥ លានរៀល ស្មើនឹង ១៧,០៦% នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ១,៧%៕

To Top