ព័ត៌មានជាតិ

ប្រតិបត្តិការ សង្គ្រោះពលរដ្ឋរងគ្រោះ នៅស្រុករុក្ខគិរី ត្រូវបញ្ចប់ ក្រោមការយកចិត្តទុកដាក់បំផុត ពីសំណាក់សម្ដេចស ខេង

ភ្នំពេញ ៖ ប្រតិបត្តិការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ពិសេសរងគ្រោះធ្ងន់ធ្ងរ ដោយសារ បាក់ទំនប់បាសាក់ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងឃុំបាក់សាក់ និងឃុំព្រែកជីក ស្រុករុក្ខគិរី ចំនួន២០៧៤គ្រួសារ ដឹកនាំដោយ លោក ម៉ៅ ចាន់តារា រដ្ឋលេខាធិការ តំណាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានបិទបញ្ចប់ហើយ ។ នេះយោងតាមការចេញផ្សាយ របស់ផេកហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង។

ទោះបីប្រតិបត្តិការ ជួយសង្គ្រោះបញ្ចប់ក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមាន យកចិត្តទុកដាក់ខ្ពស់ពី សម្ដេចក្រឡាហោម ស ខេង និងក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺនៅតែបន្តតាមដានស្ថានភាព រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស នៅបន្ទាប់ពីទឹកជំនន់បានស្រកទៅវិញ។

ឱកាសនោះអំណោយ សម្តេចក្រឡាហោម ស ខេង ក៏ បានផ្ដល់ជូនពលរដ្ឋរងគ្រោះ នៅឃុំបាសាក់៥១៣គ្រួសារ និងឃុំព្រែកជីកចំនួន១៥៦១គ្រួសារ ។ ការចែកជូនដោយផ្ទាល់ ក្នុងដំណាក់កាលបឋម សរុបរួមមាន អង្ករចំនួន១០តោន, មី២៧៥កេស, ត្រីខ២៧៥យួរ ហើយនៅដំណាក់កាលបន្ទាប់ សម្ដេចក្រឡាហោម ស ខេង ព្រមទាំងក្រុមការងារ ក៏បានបន្តផ្ដល់អំណោយជូនប្រជាពលរដ្ឋ និងសម្រាប់ត្រៀមបំរុងទុក សរុបរួមមាន អង្ករ៤៨តោន និង៤២០គីឡូក្រាម, មី២.៣៧៤កេស, ត្រីខ ២.២៧៤យួរ, ទឹកសុទ្ធ៥០០កេស, ភេសជ្ជៈ៣.០០០កេស និងថវិកា ២០លានរៀល។

ជាមួយគ្នានោះដែរ អំណោយជួយជនរងគ្រោះពីកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ព្រមទាំងអង្គការសមាគមមួយចំនួនទៀត ក្នុងនោះកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានឧបត្ថម្ភជូនគ្រួសាររងគ្រោះចំនួន១៥០គ្រួសារ សរុបអង្ករ១៥០ការុង, មី១៥០កេស, ត្រីខ៦១២កំប៉ុង, ទឹកត្រី១៥០យួរ, ស្កស៦បាវ និងអំបិល៣បាវ ខណៈអង្គការសមាគម និងសប្បុរសជននានា បានជួយឧបត្ថម្ភជនរងគ្រោះនៅទូទាំងស្រុករុក្ខគិរី រួមមាន អង្ករ១១តោន៧០គីឡូក្រាម, មី៨៦កេស, ត្រីខ១៩៥យួរ ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

To Top