ព័ត៌មានជាតិ

លោកបណ្ឌិត លី ឆេង ដង្ហែអង្គកឋិនទានសាមគ្គី ទៅវត្តចំការខ្សាច់ ខណ្ឌដង្កោ

ភ្នំពេញ៖ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជា ប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និង លោកស្រី ប៊ូ អ៊ា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិតប៊ែលធី គ្រុប និងក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនសាមគ្គី និងបាននាំយកបច្ច័យ សរុបចំនួន ១០៧,២៨០,០០០៛ (មួយរយប្រាំពីរលាន ពីររយប៉ែតសិបពាន់រៀល) ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំការខ្សាច់ ស្ថិតក្នុង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ទុកប្រើប្រាស់ និងកសាងសមិទ្ធិផលនានាតាមពុទ្ធានុញ្ញាត។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានលើកឡើងថា យើងមានឱកាសធ្វើបុណ្យធ្វើទានកសាងនូវសេចក្តីល្អ គឺដោយសារយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

លោកបណ្ឌិត ក៏បានបួងសួងដល់ទេវតាប្រទានពរជ័យ សិរីមង្គល វិបុលសុខ កើតមានដល់ប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអនុមោទនា នូវកុសលផលបុណ្យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕

To Top