នយោបាយ

ភូមិសាស្ត្រ នយោបាយ ៖ សូមកុំមើលស្រាល បច្ចាមិត្ត និង កុំទុកចិត្តសត្រូវ

ភ្នំពេញ ៖ រាជវង្សរបស់នាយចាយ ពុំបានដើរតាមនយោបាយ គ្រប់គ្រងជាតិ របស់រាជវង្សវរ្ម័ននោះទេ រួមទាំងប្រព័ន្ធគ្រប់គ្រង រដ្ឋបាល សាធារណៈនិងវិស័យការពារជាតិ ហេតុនេះទើបធ្វើឲ្យចក្រភពអង្គរ ដែលធ្លាប់តែខ្លាំងក្លា បានធ្លាក់ចុះបន្តិចម្ដងៗ បាត់បង់អំណាច មិនអាចគ្រប់គ្រងរដ្ឋ ចំណុះបានដោយសារ គ្មានមូលដ្ឋាន កងទ័ពនៅប្រចាំការគ្រប់រដ្ឋទាំងនោះ ដូចសម័យអង្គរដូច្នេះ ទើបធ្វើឲ្យព្រះរាជាខ្មែរ បាត់បង់អំណាច និងឥទ្ធិពលហេតុនេះហើយ ទើបធ្វើឲ្យរដ្ឋចំណុះទាំងឡាយ មានឱកាសបំបែករដ្ឋ(ឆ្នាំ១៣៥១ គ.ស)ហើយអាយុធ្យា ក៏អាចវាយលុក មកលើក្រុងអង្គរវិញ យ៉ាងខ្លាំងក្លាដែរ ។

យោងតាមសៀវភៅ «កម្ពុជារវាង សៀម យួន និងអាណានិគមបារាំង របស់ លោក ឥន សុផល បច្ចុប្បន្នអ្នកការទូត ប្រចាំនៅចក្រភពអង់គ្លេស បានបកស្រាយ បន្ថែមថា ក្រោយពេលបំបែករដ្ឋ បានមួយឆ្នាំ អាយុធ្យាបានលើកទ័ពមកវាយក្រុង អង្គរជាលើកទី១ តែត្រូវបាន ព្រះរាជាខ្មែរ ទទួលបានព័ត៌មាន ជាមុនរួចក៏លើកកងទ័ព ទៅវាយស្ទាក់ពាក់ កណ្ដាលផ្លូវ និងធ្វើឲ្យកងទ័ពសៀម បាក់បែករត់ខ្ចាត់ខ្ចាយត្រឡប់ទៅស្រុកវិញអស់ ។ បន្ទាប់ពីវាយកងទ័ពអយុធ្យា ឲ្យបរាជ័យទៅវិញហើយនោះ ព្រះអង្គឈ្វេងយល់ថា កងទ័ពអយុធ្យាលែងហ៊ាន មកវាយខ្មែរទៀតហើយដូច្នេះព្រះអង្គក៏ បានប្រកាសរំសាយកងទ័ពទាំងអស់ ឲ្យទៅរស់នៅ តាមស្រុកភូមិវិញ ទុកតែកងរក្សាការពារព្រះរាជវាំងប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហានេះឯកសារ ប្រវត្តិសាស្រ្តខ្មែរ បានលើកឡើងថា ព្រះអង្គក៏បានប្រកាសរំសាយ កងទ័ពទាំងអស់ ឲ្យទៅរស់នៅ តាមស្រុកភូមិវិញ ទុកតែកងសេនាការពារ ព្រះមហាក្សត្រប៉ុណ្ណោះ ពេលនោះស្ដេចអយុធ្យាបានលើកកងទ័ព មកវាយប្រហារក្រុងអង្គរម្ដងទៀត យ៉ាងខ្លាំងក្លា ។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅជុំវិញ កំពែងគូទឹកដែលព័ទ្ធជុំវិញក្រុងអង្គរ ពេលនោះកងទ័ពអយុធ្យា បានធ្វើការឡោមព័ទ្ធអស់រយៈពេល៤ខែ ចាប់ពីខែ ធ្នូ ឆ្នាំ ១៣៥២ រហូតដល់ចុងខែមីនា ឆ្នាំ ១៣៥៣ដោយពុំមានអ្នកឈ្នះអ្នកចាញ់ ព្រោះកងទ័ពខ្មែរមិនព្រមចុះចាញ់ ។
កងទ័ពអយុធ្យាបានបន្តឡោមព័ទ្ធអង្គរ រយៈពេលមួយឆ្នាំទៀតធ្វើឲ្យកងទ័ពខ្មែរប្រឈមមុខ នឹងការលំបាកយ៉ាងខ្លាំង ជាពិសេសគឺការខ្វះខាតស្បៀង ។ ដោយសារតែមិនអាចគាំទ្រ ទៅនឹងស្ថានភាពដ៏ធ្ងន់ធ្ងរនេះបាន ព្រះស្រីលំពង្សរាជា ទ្រង់អាពាធជាទម្ងន់ រហូតសោយទិវង្គតនៅឆ្នាំ ១៣៥៣៕

To Top