នយោបាយ

លិខិតមិត្តអ្នកអាន ៖ «ក្រុមឧទ្ទាមក្រៅច្បាប់ ធ្លាក់ខ្លួន អស់ក្រឡា អន់ជាងស្វា លេងប៉ាហ៊ី»!

កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ម៉ោងនៅអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរ ប្រចាំសហរដ្ឋ អាមេរិកដើម្បីដាក់សំណើ សុំឲ្យក្រសួងមហាផ្ទៃកម្ពុជា ផ្តល់សុពលភាពលើលិខិតឆ្លងដែន របស់ខ្លួនឡើងវិញ ។

សកម្មភាពនេះ ពិតជាបានធ្វើឲ្យមហាជនទូទៅ ផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ទៅមិនឆ្ងាយ របស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ ដែលនៅទីបំផុត អស់ក្បាច់លោត អស់ក្រឡាដើរ ក៏ងាកមកប្រើនយោបាយ «ស្វាលេងប៉ាហ៊ី» នៅមុខស្ថានទូតខ្មែរ ដើម្បីសុំរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ដែលខ្លួនចោទកប់ៗមាត់ថា ផ្តាច់ការហើយប៉ុនប៉ង ផ្តួលរំលំនោះ ឲ្យផ្តល់សុពលភាព លិខិតឆ្លងដែន របស់ពួកខ្លួនទៅវិញ ។

មានអ្នកលេងបណ្តាញសង្គម ជាច្រើនក៏ដូចជាមហាជនខ្មែរ ជាទូទៅដែរបាននាំគ្នាផ្ទុះ សំណើចដោយហួសចិត្តនៅ ពេលឃើញក្រុមនេះធ្វើ សកម្មភាពរបៀប បាយបិណ្ឌជាបាយបាត្រ គ្មានគោលដៅ និងមិនដឹងទិសតំបន់ទាល់តែសោះបែបនេះ ។
អ្វីដែលធ្វើឲ្យមហាជន ហួសចិត្តនៅត្រង់ថា ៖

ទី១-ជាទិដ្ឋភាពច្បាប់ ការលុបលិខិតឆ្លងដែន របស់ឧក្រិដ្ឋជន ដែលមានដីកាចាប់ខ្លួន គឺជា មធ្យោបាយស្របច្បាប់ ដើម្បីកុំឲ្យឧក្រិដ្ឋជន អាចធ្វើដំណើរឆ្លងពីប្រទេសមួយ ទៅប្រទេសមួយទៀតបាន ហើយនេះក៏ជា ស្តង់ដារ នៃការអនុវត្តជាទូទៅ សម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោកដែរ ។

ទី២-ការស្នើសុំសុពលភាព លិខិតឆ្លងដែនរបស់ក្រុមឧក្រិដ្ឋជន នៅក្រៅប្រទេសដោយអះអាងថា ដើម្បីខ្លួនអាចវិលត្រឡប់មកឡើងតុលាការនៅកម្ពុជា គឺជារឿងកំប្លុកកំប្លែង គួរឲ្យអស់សំណើច ដោយហេតុថា អ្នកទាំងនោះបានទៅរស់នៅក្រៅ ប្រទេសតាមរយៈការស្នើសុំសិទ្ធិ ជ្រកកោននយោបាយ ។ ដូចនេះ បើក្រុម មួរ សុខហួរ ពិតជាចង់ត្រឡប់មកកម្ពុជាវិញមែន វាគឺជារឿងដ៏សាមញ្ញបំផុត ដោយពួកគេគ្រាន់តែសុំទៅរដ្ឋបរទេស នោះឲ្យលុបចោលសិទ្ធិស្នាក់នៅ ឬ សិទ្ធិជ្រកកោន នយោបាយដើម្បីក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់ នោះសហរដ្ឋអាមេរិក ឬរដ្ឋបរទេស នោះនឹងច្បាស់ជា ចាប់បញ្ជូនមកកម្ពុជាវិញទាំងអស់ ជាក់ជា មិនខានឡើយ។ ករណីបែបនេះ ធ្លាប់ត្រូវបានសហរដ្ឋអាមេរិក ធ្វើមកលើពលរដ្ឋខ្មែរមួយចំនួន ដែលរស់នៅខុសច្បាប់ នៅអាមេរិករួចទៅហើយ ដោយគេបានតម្រូវឲ្យធ្វើមាតុភូមិ និវត្តន៍ជាបន្តបន្ទាប់មកកម្ពុជាវិញ ។ ជាពិសេសបំផុតនោះ គឺក្រុមមួរ សុខហួរ អាចទទួលផល ចំណេញនៅលើគោកដោយ មិនបាច់ខ្វល់ខ្វាយទាល់តែសោះអំពីថ្លៃយន្តហោះ ពីព្រោះរដ្ឋនៃ ប្រទេសដែលពួកគេស្នាក់នៅ នោះ ជាអ្នកចេញអោយទាំងស្រុង ។

ទី៣-ចំពោះរឿងចង់ចូលរួម សវនការ ក៏ជារឿងដែលកាន់តែ ងាយស្រួលថែមទៀត ដោយ សារតែពេលនេះ តុលាការរាជធានីភ្នំពេញ កំពុងតាមរកមុខអ្នកទាំងនោះដោយមានទាំងដីកា បង្គាប់ឲ្យចាប់ខ្លួនរួចស្រេចទៅហើយ ។ ដូចនេះ បើពួកគេ ប្រកាសខ្លួនថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយជាឧក្រិដ្ឋជនថែមទៀតនោះ ប្រទេសដែលពួកគេកំពុងស្នាក់នៅច្បាស់ ជាសហការ ចាប់ខ្លួនបញ្ជូនមកកម្ពុជា ដើម្បីឡើងសវនាការភ្លាម ហើយភាគីកម្ពុជាច្បាស់ជានឹងត្រៀមឡាន របស់ពន្ធនាគារចាំដឹកអ្នកទាំង នោះមកសវនាការដោយមិន បាច់បង់ថ្លៃអ្វីឡើយ។ មិនតែ ប៉ុណ្ណោះ អាជ្ញាធរកម្ពុជា ថែមទាំង ចាត់កម្លាំងមន្រ្តីអនុវត្តច្បាប់ចាំ ការពារសុវត្ថិភាពអមដំណើរ មួរ សុខហួរនិងគូកន ចូលសវនាការថែមទៀតផង ។
ទី៤៖ បើនិយាយបែបម្យ៉ាងទៀត ក្រុមអ្នកនយោបាយពនេចរមួយក្រុមនេះ បានប្រកាសផ្តួលរំលំ រដ្ឋាភិបាលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជានិងបាន ប្រើប្រាស់មធ្យោបាយ និងល្បិចកិច្ចកល គ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន បច្ចុប្បន្នដួលរលំ ។ ពួកគេបានប្រើចលនាតាមទំរង់ នៃបដិវត្តន៍ពណ៌ ដើម្បីដណ្តើមអំណាច ដោយបានប្រកាសអំពាវនាវ ឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុង ដាក់ រដ្ឋាភិបាល និងបានដើរញុះញង់ឲ្យបរទេស អោយដាក់ទណ្ឌកម្មមកលើកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាល ដឹកនាំដោយ លោក ហ៊ុន សែន រលំរលាយ ។ ប៉ុន្តែទីបំផុត ស្រាប់តែក្រុមដដែលនេះដង្ហែរគ្នា ទៅចុច កណ្តឹងស្ថានទូត ដែលជាតំណាងរបស់រដ្ឋាភិបាល ដើម្បីស្នើសុំឲ្យទទួលស្គាល់លិខិតឆ្លងដែន របស់ខ្លួនឡើងវិញ ។
ចំពោះទង្វើនេះ យើងអាចទាញ ការសន្និដ្ឋានបានថា ពួកគេពិតជាអស់តម្រិះនិងទាល់ច្រក ក្នុងការផ្តួលរដ្ឋាភិបាលលោក ហ៊ុន សែន ហើយ។ ដូច្នេះ ដើម្បីកុំឲ្យស្ងាត់ពេក ពួកគេយករឿងសុំពន្យារសុពលភាពលិខិតឆ្លងដែននេះ ធ្វើជាឆាកល្ខោនមួយឈុតដើម្បីបានថតរូបមកបង្ហោះ ក្នុងគោលដៅបោកប្រាស់អ្នកគាំទ្រ របស់ខ្លួនផង និងបង្កើតជាហេតុផល ប្រមូលលុយចាយផង ក្នុងស្ថានភាពដែលមេរោគកូវីដ១៩ កំពុងបិទជីពចរហិរញ្ញវត្ថុរបស់អ្នក ដែលធ្លាប់ផ្តល់លុយ ឲ្យពួកខ្លួនកន្លងមក។

ទី៥៖ ប្រជាជនកម្ពុជានៅចងចាំយ៉ាងច្បាស់ណាស់ថា កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមដដែលនេះបានប្រកាសវិលចូលស្រុកវិញដើម្បីចាប់លោក ហ៊ុន សែន និងផ្តួលរំលំរដ្ឋាភិបាល ភ្នំពេញ និងផ្លាស់ប្តូររបប។ ប៉ុន្តែ ផែនការនោះក៏ត្រូវទទួលរងការ បរាជ័យយ៉ាងអាម៉ាស់បំផុត ។ ថ្មីៗនេះ ក្រុមដដែលនេះក៏បាន ប្រកាសដំណើរវិលចូលស្រុកជាលើកទី២ក្នុងគោលបំណង ដូចគ្នាគឺចង់មកផ្តួលរដ្ឋាភិបាលដឹកនាំដោយលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបដឹកនាំនៅកម្ពុជា។ ដូច្នេះសំណួរ សួរថា : បើក្រុមនេះ មានគំរោងមកផ្តួលរដ្ឋាភិបាលដដែល ចុះចាំបាច់អីទៅសុំឲ្យរដ្ឋាភិបាល មួយនេះផ្តល់សុពលភាព លិខិតឆ្លងដែនឲ្យខ្លួនធ្វើអ្វី? ម្តេចមិនរង់ចាំដល់ពេលខ្លួនឡើង កាន់អំណាច ចាំធ្វើលិខិតឆ្លងដែនខ្លួនឯងទៅ? តើនេះមិនមែនជានយោបាយវិលក្បុង ជាន់កែងខ្លួនឯងទេឬ?

ទី៦៖ ក្រុមឧទ្ទាមក្រៅច្បាប់មួយ ដំបរស្វានេះ តែងតែប្រកាស ក្តែងៗថា សហគមន៍អន្តរជាតិ នឹងជួយក្រុមខ្លួនឲ្យ បានវិលចូលស្រុកវិញតាមរយៈការដាក់ទណ្ឌកម្ម ឬគំនាបផ្សេងៗ ទៅលើរដ្ឋាភិបាល ក្រុងភ្នំពេញ ។ ពួកនេះតែងធ្វើនយោបាយពឹង លើបរទេសទាំងស្រុង ប៉ុន្តែ ទីបំផុតគ្មានបរទេសណាយកចិត្តទុកដាក់ជួយ ក្រុមឧទ្ទាមក្រៅច្បាប់នេះឡើយ ។
តាមមើលទៅ ក្រុមនេះចៀសមិនផុតពីត្រូវផ្ញើវាសនាលើលោក ហ៊ុន សែន ឡើយ ហើយមានតែ លោក ហ៊ុន សែន ម្នាក់គត់ដែលជាអ្នកកំណត់ជោគវាសនារបស់ពួកគេ។

សរុបមកវិញ សកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងវិលក្បុងជាមួយនឹងនយោបាយជាន់កែងខ្លួនឯង។ ពួកគេកំពុងវង្វេងលែងដឹងទិស តំបន់ដោយសារតែនយោបាយគ្មានយុទ្ធសាស្ត្រ និង គ្មានគោលដៅរបស់ខ្លួន។ ពួកគេកំពុង តែអស់ក្បាច់ អស់ក្រឡាដើរ ពីព្រោះតែដើរចុះដើរឡើង កូនចៅរបស់ខ្លួន ទាំងត្រី ទាំងសេះ ទាំងទូក ត្រូវគេព័ទ្ធស៊ីស្ទើរ តែអស់ពីក្តារអុកបាត់ទៅហើយ ។
ដូច្នេះ ការចេញមកសម្តែងល្ខោន សុំសុពលភាពលិខិត ឆ្លងដែន របស់ក្រុម មួរ សុខហួរនេះ ពិតជាគ្មានអ្វីក្រៅពីការលេងល្បែងស្វាលេងប៉ាហ៊ីដើម្បីទូងស្គរឲ្យអ្នកស្រុកបែរភ្នែកក្រឡេកមើល មកខ្លួនខ្លះកុំឲ្យគេបំភ្លេចចោល តែប៉ុណ្ណោះ ក្នុងខណៈ ដែល កូវីដ~១៩ កំពុងធ្វើឲ្យប្រជាជន នៅលើពិភពលោកក៏ដូចជា នៅកម្ពុជា ដែរផ្តោតការយកចិត្តទុកដាក់លើការថែរក្សា ការពារសុខភាពនិងជីវភាពរស់នៅរបស់ខ្លួន និងក្រុមគ្រួសារជាអាទិភាព សំខាន់បំផុត ។ ប៉ុន្តែ ល្បែងស្វាលេងប៉ាហ៊ី របស់ក្រុម មួរ សុខ ហួរ មិនទទួលបាន នូវសមានចិត្តពីអ្នកស្រុកនោះឡើយពីព្រោះប្រជាជនខ្មែរយល់ ច្បាស់ណាស់ថា នេះជាល្បែង នយោបាយអស់លក្ខ៍ណ ដោយមានតួសម្តែងមុខដដែលៗ រីឯអ្នកដឹកនាំរឿង និងការរៀបចំឈុតឆាក សម្តែងក៏នៅតែ ដដែលៗ គ្មានអ្វីថ្មីគួរអោយទាក់ទាញ ការចាប់អារម្មណ៍ ទាល់តែសោះ។ និយាយឲ្យចំ ការសម្តែងរបស់ពួកគេនេះ អន់ជាងស្វាលេងប៉ាហ៊ី ទៅទៀត ដែលគ្មានតម្លៃសម្រាប់ពលរដ្ឋខ្មែរ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់៕

ដោយ: អ្នកនយោបាយតុកាហ្វេ

To Top